​(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ (ម៉ោងនៅ​ក្នុងតំបន់) បានចាប់ខ្លួន​មន្ត្រីប៉ូលិស ៥០នាក់ និងជនស៊ីវិល០៣នាក់ផ្សេងទៀតពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹងក្រុមឧក្រិដ្ឋជនជួញ​ដូរគ្រឿង​ញៀន។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ប្រតិបត្តិការ​បង្រ្កាបប៉ូលិស​ពុករលួយត្រូវបានធ្វើ​ឡើង ដោយការិយាល័យ​កិច្ចការផ្ទៃក្នុង​ នៃប៉ូលិស​ប្រចាំ​ទីក្រុងសៅ​ប៉ូឡូ។ ជនសង្ស័យ​ទាំងអស់​ត្រូវបានចោទ​ប្រកាន់ពីបទទួល​ប្រាក់​សំណូក ពីក្រុមអង្គការ​ឧក្រិដ្ឋជនដ៏មាន​ឥទ្ធិពលមួយ​ នៅក្នុងប្រទេស​​ប្រេស៊ីល ដែល​គេ​ស្គាល់ថា PCC។ បន្ថែមពីលើនេះ ក្រុមរដ្ឋអាជ្ញា​ក៏បានអះអាងផងដែរថា មន្ត្រីប៉ូលិសទំាង ៥០នាក់ នោះមានជាប់ពាក់​ព័ន្ធ​នឹងការ​ជួញដូរគ្រឿងញៀនរីឯជនស៊ីវិល ០៣នាក់​ត្រូវបានចោទប្រកាន់​ពីបទជួញដូរគ្រឿងញៀន​ នៅឯភាគខាងត្បូង​ទីក្រុងសៅ​ប៉ូឡូ។

គួរបញ្ជាក់ថា មន្ត្រីប៉ូលិសភាគច្រើន​ដែលត្រូវចាប់ខ្លួន គឺមកពីអង្គភាព​លេខ ២២ នៃប៉ូលិសប្រចាំ​ទីក្រុងសៅ​ប៉ូឡូ ដែលជាមូល​ដ្ឋានរបស់ក្រុម PCC ហើយនេះគឺ​ជាការបង្រ្កាបមន្ត្រីពុករលួយ​ធំបំផុត ក្នុងទីក្រុងមួយ​នេះអស់រយៈពេល​ជាង ១០ឆ្នាំមកនេះ៕