(អាមេរិក)៖ ភពសៅរ៍ (Saturn) ដែលល្បីឈ្មោះដោយសារតែមាន​ប្រព័ន្ធ​ខ្សែក្រវាត់​នៅព័ទ្ធជុំវិញ ត្រូវអង្គការ NASA បាន​បញ្ជាក់ឲ្យដឹងថា កំពុងតែបាត់បង់​លក្ខណៈពិសេស​នេះ​របស់វា ដោយខ្សែក្រវាត់​នោះអាចនឹងរលាយ​បាត់​នៅ​ក្នុង​រយៈ​ពេល ១០០លានឆ្នាំ​ខាងមុខ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីវែបសាយ USA Today នៅព្រឹក​ថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្រ្ត​បានទទួលស្គាល់ថា ខ្សែក្រវាត់របស់ភពសៅរ៍​កំពុងតែបាត់​បង់វត្តមាន នៅក្នុងល្បឿន​ជាអតិបរមា ដែល​ត្រូវបានប៉ាន់​ប្រមាណជាដំបូង តាមរយៈលទ្ធផល​អង្កេត​របស់​​យានអវកាស Voyager 1 និង ​Voyager 2 ដែល​ត្រូវ​បាន​បាញ់បង្ហោះឡើង​ទៅកាន់ទីអវកាស​ កាលពីទសវត្សរ៍១៩៧០។

NASA បានឲ្យដឹងថា ខ្សែក្រវាត់នោះ​កំពុងត្រូវស្រូបចូលទៅ​កាន់​ Saturn ដោយ​កម្លាំងទំនាញ​ក្នុងទម្រង់ជាបាតុភូតភ្លៀង​ ​​នៃភាគល្អិតទឹកកក នៅក្រោមឥទ្ធិពល​របស់ដែនម៉ាញេទិច​នៃភពសៅរ៍។ ដោយយោង​​លើហេតុផលនេះ​តែមួយ​​​ប៉ុណ្ណោះ ប្រព័ន្ធខ្សែក្រវាត់​ទាំងមូល នឹងត្រូវរលាយ​បាត់នៅ ៣០០លានឆ្នាំខាងមុខ ប៉ុន្តែបើបន្ថែម​លទ្ធផលអង្កេត​របស់​យាន Cassini ទៀត ដែលរកឃើញ​មានការស្រូប​រូបធាតុនៃ​ខ្សែក្រវាត់នេះ ទៅកាន់​តំបន់​អេក្វាទ័រ​នៃ Saturn លក្ខណៈ​ពិសេស​នេះរបស់វា មានពេលមិន​លើសពី ១០០លានឆ្នាំឡើយ។

បើតាម NASA អ្នកវិទ្យាសាស្រ្ត កំពុងព្យាយាម​សិក្សាស្វែងយល់ឲ្យ​ច្បាស់ថា តើភពសៅរ៍​ទទួលបាន​ប្រព័ន្ធខ្សែក្រវាត់​​​​របស់វាដូចសព្វថ្ងៃ​ដោយរបៀបណា ខណៈការសិក្សាថ្មីៗ​​បានលើកឡើងថា Saturn ទទួលបាន​លក្ខណៈពិសេសនេះ​ ​នៅក្រោយពេលវា​ចាប់ផ្តើមកកើត ដែលមានរយៈពេល ០៤ពាន់ឆ្នាំមុនឡើងទៅ។ រូបធាតុភាគ​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ខ្សែ​ក្រវាត់នោះ រួមមាន​ដុំទឹកក​ និងថ្ម ដែលមាន​ទំហំ​ខុសៗគ្នា គឺរួមមានតាំងពីរ​​ប៉ុនគ្រាប់ខ្សាច់ រហូតដល់​ប៉ុនសត្វសេះ ឬរថយន្តក្រុងក៏មាន។

ទោះបីជា​បែបនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រ​មិនទាន់បានបញ្ជាក់​ឡើយទេថា តើព្រះច័ន្ទ​ធំៗមួយ​ចំនួនរបស់​ភពសៅរ៍ ដែលស្ថិតនៅក្បែរ ឬក្នុង​តំបន់ខ្សែក្រវាត់នោះ​ដែរដូចជា Pandora, Prometheus, Mimas ឬ Enceladus អាចរងឥទ្ធិពល​ដូចម្តេចនោះឡើយ ប៉ុន្តែ​សម្រាប់​ភពសៅរ៍​ដ៏​​ធំមហិមានោះ ការប៉ះពាល់ទង្គិចធ្ងន់ធ្ងរពីប្រព័ន្ធរបស់វា គឺកម្រនឹង​កើតមានណាស់៕