(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន​ផលិតសព្វាវុធ​ដ៏ល្បីល្បាញ​របស់​​សហរដ្ឋអាមេរិក Lockheed Martin បានប្រកាស​​នៅថ្ងៃអង្គារ​សប្តាហ៍នេះថា មីស៊ីលកម្ទេច​​នាវាចម្បាំង​រយៈចម្ងាយ​​ឆ្ងាយ ឬហៅ​កាត់ថា LRASM ត្រូវបាន​បញ្ជូន​​ទៅដល់ដៃ​កងទ័ព​អាកាស ​​នៃ​សហរដ្ឋអាមេរិក​រួចហើយ ដើម្បីបំពេញ​ប្រតិបត្តិការ។ នេះបើ​តាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) ដែលមានមូលដ្ឋាន​នៅរដ្ឋម៉ារីឡេន (Maryland) នោះបាន​បញ្ជាក់ទៀតថា គ្រាប់​មីស៊ីល LRASM គឺជាប្រភេទ​អាវុធ​បាញ់​ចេញ ដែលសមត្ថភាព​កំណត់គោលដៅ​វាយប្រហារ ទាំងពេលវាកំពុងហោះហើរ និងអាច​កម្ទេច​គោលដៅបាន​ល្អបំផុត បើទោះបីជាកំពុងមាននាវាច្រើនគ្រឿង​​នៅប្រមូលផ្តុំគ្នាក៏ដោយ​ក៏វាមិនអាចវាយប្រហារ​ខុសគោលដៅ​នោះឡើយ។ ក្រុមហ៊ុន​ផលិត​សព្វាវុធអាមេរិក​​មួយនេះ​ហ៊ាន​ធានាថា LRASM ពិតជាអាច​កម្ទេចនាវារបស់សត្រូវ ហើយបើទោះ​បីជា​នាវាដឹក​យន្តហោះចម្បាំង​​ដែលមានប្រព័ន្ធ​ការពារខ្លាំងក្លានោះ ក៏មិនអាច​ទប់ទល់នឹងវា​បានដែរ។

គួរបញ្ជាក់ថា ការដាក់​ឲ្យប្រើប្រាស់គ្រាប់​មីស៊ីល LRASM នាពេលនេះ គឺពិតជា​ស្រប​ទៅតាម​គោលដៅ​ដែលកងទ័ព​អាកាសអាមេរិកចង់បាន ហើយ​ប្រភេទ​មីស៊ីលនេះ​មិនអាច​ឲ្យរ៉ាដា​របស់សត្រូវ​ចាប់បាននោះ​ឡើយ។ សហរដ្ឋអាមេរិក​​នឹងប្រើប្រាស់​មីស៊ីល​​ប្រភេទនេះ នៅក្នុងយុទ្ធនាការ​ល្បាតដែនសមុទ្រ និងសម្រាប់​បំពាក់នៅលើយន្តហោះ​​ទម្លាក់គ្រាប់បែក​ដ៏មាន​អានុភាព B-1B ហើយនឹងអាច​យកទៅបំ​ពាក់ នៅលើយន្តហោះចម្បាំង​​មួយចំនួនទៀតរបស់កងទ័ពអាកាសនៅឆ្នាំ២០១៩ ដើម្បីបង្កើន​សមត្ថភាព​កម្ទេចសត្រូវ៕