(វ៉ាស៊ីនតោន)៖ ជនអន្តោប្រវេសន៍​ហុងឌូរ៉ាស់ច្រើនជាង ៧,២០០នាក់ ដែលកំពុងព្យាយាមចូលមកកាន់សហរដ្ឋអាមរិក ក្នុងចំណោម​ជនអន្តោប្រវេសន៍មកពី​បណ្ដាប្រទេស​អាមេរិកកណ្ដាល បានស្ម័គ្រចិត្ត​ត្រឡប់ទៅកាន់ប្រទេសកំណើត​របស់ពួកគេ​វិញហើយ។ នេះបើប្រភព​ពីមន្ត្រីហង់ដូរ៉ាស់ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​ប្រភពពីមន្ត្រីនៃប្រធាន​ការិយាល័យ ក្រសួង​ការបរទេស​ហុងឌូរ៉ាស់ រដ្ឋាភិបាល​នៃប្រទេសអាមេរិក​កណ្ដាលមួយនេះ បានផ្ដល់សេវាកម្ម​ដឹកជញ្ជូន និងសេវា​ដទៃទៀតដល់​ក្រុមជនអន្តោប្រវេសន៍​ ដែលស្ម័គ្រចិត្ត​ត្រឡប់មកកាន់​ប្រទេសកំណើត​វិញ។ ម្យ៉ាងវិញទៀត ការស្ម័គ្រចិត្ត​ត្រឡប់ទៅកាន់ប្រទេសកំណើត​វិញនេះ កើតមានឡើង បន្ទាប់ពីរដ្ឋាភិបាល​ម៉ិចស៊ីកូ នៅ​ថ្ងៃអង្គារសប្តាហ៍នេះ​បានប្រកាសថា ខ្លួនកំពុងធ្វើ​ការងារជាមួយ​សហរដ្ឋអាមេរិក ដើម្បីបង្កើនការ​វិនិយោគនៅក្នុងបណ្ដា​ប្រទេសអាមេរិក​កណ្ដាល និងតំបន់​ភាគខាងត្បូប្រទេស​ម៉ិចស៊ីកូ ក្នុងចេតនា​បង្កើតការងារ និងទប់ស្កាត់​ការធ្វើចំណាក​ស្រុក។

គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍​មកពីបណ្ដាប្រទេស​អាមេរិកកណ្ដាល បាននាំគ្នាសម្រុក​ធ្វើដំណើរមកកាន់​សហរដ្ឋអាមេរិក កាត់តាមព្រំដែន​ប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃទី១៣ ខែតុលា​កន្លងទៅ ដើម្បីគេចចេញ​ពីភាពក្រីក្រ និងអំពើហិង្សា​នៅក្នុងប្រទេស​កំណើ​តរបស់ពួកគេ និងសង្ឃឹមថា​អាចកសាង​ជីវិតថ្មីនៅទឹកដី​អាមេរិក។ ប៉ុន្តែ​ពួកគេមួយ​ចំនួនធំត្រូវបាន​អាជ្ញាធរ​អាមេរិករារាំង ខណៈ​ជនអន្តោប្រវេសន៍​ជាង ២,៥០០នាក់ កំពុងស្ថិត​នៅតំបន់ព្រំដែន​អាមេរិក-ម៉ិចស៊ីកូ​នៅឡើយ៕