(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក ស៊ឺហ្គៃ រីបាបកូវ (Sergey Ryabkov) បាននិយាយថា សហរដ្ឋអាមេរិក​បានទទួលស្គាល់​ចំពោះ​សម្រេចចិត្តដកខ្លួនចេញ​ពីសន្ធិសញ្ញាកំណត់អានុភាពអាវុធមីស៊ីល-នុយក្លេអ៊ែរ រយៈចំងាយមធ្យម និងជិត ឬ INF បានដល់​ទីបញ្ចប់ហើយ។ ប៉ុន្តែ​ទន្ទឹមគ្នាលោកក៏បាន​ព្រមានដែរថា ទីក្រុងម៉ូស្គូនឹង​ចាត់វិធានការ​ឆ្លើយតប បើមីស៊ីល​អាមេរិកត្រូវបានដំឡើង​នៅលើទឹកដី​អឺរ៉ុប។ នេះបើ តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ចំពោះមុខ​អ្នកសារព័ត៌មាន​នៅក្នុងស្រុក នាថ្ងៃអង្គារ​សប្ដាហ៍នេះ​លោក Ryabkov បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ទីក្រុង​វ៉ាស៊ីនតោន​បានចេញផ្សាយ​ជាសាធារណៈ​ នូវគម្រោងដកខ្លួន​ចេញពី​សន្ធិសញ្ញា INF រួចរាល់ហើយ​កាលពីខែតុលា កន្លងទៅ... ហើយតាម​រយៈបណ្ដាញ​ទំនាក់ទំនង​ទ្វេភាគី​កម្រិតខ្ពស់ សហរដ្ឋអាមេរិក​បានទទួលស្គាល់ថា ការសម្រេចចិត្តរបស់​ខ្លួនបានដល់​ទីបញ្ចប់ ហើយនឹងមិនមាន​ការចរចាណាមួយ​ឡើយ»។

ប៉ុន្តែ​អនុរដ្ឋមន្ត្រីការបរទេស​រុស្ស៊ីរូបនេះ​បានព្រមានថា ទីក្រុងម៉ូស្គូ​នឹងចាត់វិធានការ​ឆ្លើយតប បើមីស៊ីល​អាមេរិកត្រូវបាន​​ដំឡើងនៅលើទឹកដី​អឺរ៉ុប ហើយសហរដ្ឋអាមេរិក​ពិតជាដើរតាមគម្រោង​របស់ខ្លួនមែន​នោះ។ «រុស្ស៊ីមិន​ដែលគំរាមកំហែង​លើ​ប្រទេសណាមួយនោះទេ ប៉ុន្តែរុស្ស៊ីនឹង​ចាត់វិធានការចាំបាច់​នានា ដើម្បីប្រឆាំងនឹង​ការឈ្លានពាន​ទាំងឡាយ»។ នេះគឺជាការ​លើកឡើងបន្ថែម​របស់​លោក Ryabkov។

គួររំលឹកថា កាលពីខែតុលា​កន្លងទៅ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន​នឹងដកខ្លួនចេញពី​សន្ធិសញ្ញា INF​ ដោយចោទថា រុស្ស៊ីបានរំលោភ​លើសន្ធិសញ្ញានេះ បើទោះបីជាទីក្រុងម៉ូស្គូ​បដិសេធក៏ដោយ។ លើស​ពីនេះទៅទៀត​លោក​ ត្រាំ ថែមទាំង​សន្យាផងដែរថា នឹងបង្កើនឃ្លាំងអាវុធ​នុយក្លេអ៊ែរ​រហូតដល់ចិន និងរុស្ស៊ីភ្ញាក់​រលឹកខ្លួន​ឡើងវិញ៕