(វ៉ាស៊ីនតោន)៖​ ទីបំផុតក្រសួងការបរទេស​អាមេរិក បានអនុម័ត​ហើយលើ​ការលក់ប្រព័ន្ធ​មីស៊ីលការពារ​ដែនអាកាស Patriot មាន​តម្លៃ ជាង ៣.៥ពាន់លានដុល្លារ ឱ្យតួកគី ក្នុងចេតនាមួយ​ដែលគេមើលឃើញ​ថា ជាការបញ្ចុះបញ្ចូល​ទីក្រុងអង់ការ៉ា​លុបចោល​គម្រោង​ទិញប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាម​មន្ទីរបញ្ចកោណ​ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​មន្ទីរបញ្ចកោណ ក្រសួងការបរទេស​អាមេរិកក៏បានយល់​ព្រមលក់​ប្រភេទមីស៊ីល សម្រាប់បំពាក់ឲ្យប្រព័ន្ធ Patriot ចំនួន ៨០គ្រាប់ និងមីស៊ីលប្រភេទផ្សេងទៀត ៦០គ្រាប់ផ្សេងទៀតឱ្យ​​ទីក្រុងអង់ការ៉ា រួមជាមួយនឹង​បរិក្ខា​ពាក់ព័ន្ធ​ក្នុងនោះរួមមាន ប្រព័ន្ធរ៉ាដា ឧបករណ៍​គ្រប់គ្រង និងប្រព័ន្ធបាញ់ចេញ​ជាដើម។

គួរជម្រាបថា កាលពីដើម​ឆ្នាំ២០១៨ ក្រសួងការបរទេស​អាមេរិកធ្លាប់បាន​និយាយថា ខ្លួនកំពុងធ្វើការងារ​ជាមួយតួកគី ទាក់ទិន ការលក់​ប្រព័ន្ធ​មីស៊ីល Patriot របស់ក្រុមហ៊ុន Raytheon Co ក្នុងគោលបំណង​បញ្ចុះបញ្ចូលឱ្យតួកគី លុបចោល​គម្រោងទិញ​ប្រព័ន្ធ​មីស៊ីល S-400 ពីរុស្ស៊ី។ ប៉ុន្តែ​តួកគីមិនបាន​អើពើនឹងគម្រោង​ទិញមីស៊ីលអាមេរិក​ឡើយ ហើយបែរជា​ងាកទៅចុះ​ហត្ថ​លេខា​ទិញ S-400 ទៅវិញ បើទោះជា​សហរដ្ឋអាមេរិកព្រមាន​ថា ការទិញប្រព័ន្ធមីស៊ីល​ពីរុស្ស៊ីនេះ អាចនឹងធ្វើឱ្យប៉ះពាល់​ដល់គម្រោងទិញ​យន្ដហោះ​ចម្បាំង F-35 ដែលតួកគីចង់​បានយ៉ាង​ខ្លាំងក៏ដោយ៕