(ព្រុចសែល)៖ នាយករដ្ឋមន្ត្រីប៊ែលហ្សិក លោក Charles Michel បានសម្រេចចិត្តដាក់ពាក្យលាលែងចេញពីមុខតំណែង ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគណបក្សជាដៃគូដ៏សំខាន់មួយបានចាកចេញពីក្រុមចំរុះនយោ​បាយរបស់លោកដោយសារបញ្ហាជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

លោក Michel បានបាត់បង់ការគំាទ្រពីគណបក្សជាតិនិយម New Flemish Alliance ដោយសារតែលោកគំាទ្រលើកិច្ចព្រម​ព្រៀង UN ស្ដីពីជនអន្តោប្រវេសន៍ដែលត្រូវបានចុះហត្ថលេខាក្នុងទីក្រុង Marrakech កាលពីសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះក៏បានបង្កឱ្យប្រជាជនប៊ែលហ្សិកមួយចំនួនផ្ទុះកំហឹងផងដែរ រហូតដល់នាំគា្នធ្វើបាតុកម្មតវ៉ាអស់រយៈពេល ជាច្រើនសប្ដាហ៍។

គួរបញ្ជាក់ថា លោក Charles Michel បានប្រាប់ព្រះមហាក្សត្រ Philippe ពីការសម្រេចចិត្តលាលែងចេញពីតំណែងរបស់ លោកហើយ។ ប៉ុន្តែព្រះមហាក្សត្រមិនទាន់ប្រកាសថាទ្រង់ទទួលយកការលាលែងពីតំណែងនេះឬយ៉ាងនោះទេ។ លោក Michel មានអាយុ៤២ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប៊ែលហ្សិកវ័យក្មេងបំផុតចាប់តាំងពីឆ្នាំ១៨៤១មក កាលពី​ខែតុលា ឆ្នាំ២០១៤៕