(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋាភិបាល​ជប៉ុននា​ថ្ងៃអង្គារនេះ បានសម្រេច​ឯកភាពចំពោះគម្រោងការពារជាតិ ដែលមាន​គោលដៅ​ប្រែក្លាយ​នាវា​ចំនួន ​០២​​គ្រឿង ឲ្យទៅជានាវាដឹកយន្តហោះ​ចម្បាំង ដែលទីក្រុងតូក្យូ​មិនមាននោះឡើយ​ ចាប់តាំងពី​​ក្រោយ​សម័យ​សង្រ្គាម​លោកលើក​ទីពីរ​៕

២៖ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បាន​ព្រមានថា ពុំមាននរណា​មួយអាច​មក​បង្គាប់​បញ្ជា​លើ​​​គន្លង​ផ្លូវ​អភិវឌ្ឍន៍​​សេដ្ឋកិច្ចរបស់ចិន​បានឡើយ ខណៈដែលបក្ស​កុម្មុយនិស្ត​ចិន​បានប្រារព្ធពិធី​អបអរ​ខួប​ ៤០ឆ្នាំ នៃគោលនយោបាយ​កំណែ​ទម្រង់​​ និង​បើកចំហជា​ប្រវត្តិសាស្រ្ត​របស់ខ្លួន នៅចំពោះមុខ​ដ៏សម្ពាធតានតឹងជាមួយ​សហរដ្ឋអាមេរិក៕

៣៖ ​ក្រុមតារា​វិទូអូស្រ្តាលី​បានរកឃើញវត្ថុចំណាស់មួយ ដែលអាច​មាន​ប្រភព​តាំងសម័យមហាព្រឹត្តិការណ៍​​បន្ទុះ​ Big Bang កាលពីជាង ១០ពាន់លាន​ឆ្នាំមុន៕

៤៖ អង្គការសិទ្ធិមនុស្សធំបំផុត​មួយនៅ​កូរ៉េខាងត្បូង នឹងដក​ហូតពានរង្វាន់ ដែលខ្លួនបាន​ប្រគល់ទៅឲ្យ​មេដឹកនាំ​​មីយ៉ាន់ម៉ា​លោកស្រី អោងសាន ស៊ូជី យកមកវិញ ដោយសារបញ្ហា​ពាក់ព័ន្ធនឹង​​ជនជាតិ​ភាគតិចរូហ៊ីងយ៉ា។

៥៖ ក្រុមហ៊ុន​ផលិតសព្វាវុធ និងអវកាសដ៏ធំ​របស់អន្តរជាតិ General Dynamics បានព្រមាន​ប្រទេសកាណាដាថា ប្រសិនបើរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពិតជាដើរ​តាមគំរោង​ដក​ខ្លួនចេញពីកិច្ចព្រមព្រៀងទិញ និងលក់អាវុធជាមួយ​អារ៉ាប៊ីសាអូឌីតមែននោះ ប្រទេស​អាមេរិកខាងជើងមួយនេះ នឹងត្រូវទទួលខុសត្រូវលើការសង​ប្រាក់រាប់ពាន់លានដុល្លារ ទៅដល់ក្រុមហ៊ុន៕

៦៖ ក្រុមហ៊ុនផលិត​បន្ទះឈីប​អាមេរិក Qualcomm បាននិយាយថា ក្រុមហ៊ុន Apple នៅតែបន្ត​រំលោភ​បំពានលើ សេចក្ដីសម្រេចរបស់​តុលាការចិន ដែលបានបង្គាប់​ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទ​ដៃមួយនេះ បញ្ឈប់ការលក់​ទូរស័ព្ទ iPhones ស៊េរីចាស់​របស់ខ្លួន ដោយសារតែការរំលោភ​លើប័ណ្ណប៉ាតង់​ផ្នែកបច្ចេកវិទ្យា៕