(ប៉េកាំង)៖ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បាន​ព្រមានថា ពុំមាននរណា​មួយអាច​មក​បង្គាប់​បញ្ជា​លើ​​​គន្លង​ផ្លូវ​អភិវឌ្ឍន៍​​សេដ្ឋកិច្ចរបស់ចិន​បានឡើយ ខណៈដែលបក្ស​កុម្មុយនិស្ត​ចិន​បានប្រារព្ធពិធី​អបអរ​ខួប​ ៤០ឆ្នាំ នៃគោលនយោបាយ​កំណែ​ទម្រង់​​ និង​បើកចំហជា​ប្រវត្តិសាស្រ្ត​របស់ខ្លួន នៅចំពោះមុខ​ដ៏សម្ពាធតានតឹងជាមួយ​សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងក្នុងមហាវិមាន​ប្រជាជនចិន នៅចំពោះមុខមន្រ្តីបក្ស​កុម្មុយនិស្តចិន​ជាច្រើនរូប​លោក ស៊ី បានប្តេជ្ញាថា នឹងបន្តបោះ​ជំហានឆ្ពោះ​ទៅមុខ​ជាមួយ​គោលការណ៍​កំណែទម្រង់​សេដ្ឋកិច្ច​នៃប្រទេសចិន ប៉ុន្តែលោកបាន​គូសបញ្ជាក់យ៉ាង​​ច្បាស់​ថា ទីក្រុងប៉េកាំង នឹងមិនងាករេ​ពីប្រព័ន្ធ​គ្រប់គ្រងដោយ​គណបក្សតែមួយ ឬក៏ទទួលបញ្ជា​ពីប្រទេសដទៃ​ណាមួយ​ដាច់​​ខាត។

ដោយមិនបាន​សំដៅចំៗលើ​សហរដ្ឋអាមេរិក លោក ស៊ី ជិនពីង បានបន្ត​ទៀតថា ចិនមិន​បង្កការ​គំរាម​កំហែង​​ដល់​ប្រទេស​ណា​​មួយ​នោះ​ទេ ប៉ុន្តែលោកបានព្រមានច្បាស់ៗថា​ប្រទេសចិន ក៏នឹងមិននៅ​ស្ងៀមឲ្យគេរុញទៅ​រុញ​​មក​តាម​ចិត្ត​​ឡើយ។​ ការថ្លែងបែបនេះ គឺលោក ស៊ី ជិនពីង ចង់សំដៅលើ​​ទង្វើ​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក​​មួយចំនួន ដែលបាននិងកំពុងរួមដៃគ្នា​ចង់ក្រឡុក​សេដ្ឋកិច្ចចិន តាមរយៈវិធីសាស្ត្រជា​ច្រើន ដូចដែលបានកើតមានឡើងកន្លងមក។

គួរជម្រាបថា ឱកាសរំលឹក​ខួប ៤០ឆ្នាំ នៃគោលនយោបាយ​កំណែទម្រង់​ខាងលើ ដែល​ផ្តួចផ្តើមឡើងដោយអតីត​មេដឹក​នាំចិន​លោក តេង ស៊ានពីង កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ បាន​ប្រព្រឹត្ត​ទៅចំពេលដែលចិន​កំពុងស្ថិតក្នុងវិវាទ​​ការ​ទូត និងសង្រ្គាម​ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក។ យ៉ាងណាមិញ ភាគីទាំងពីរ​ក៏បាន​ព្រមព្រៀង​គ្នាបន្ធូរ​បន្ថយ​ភាព​តាន​តឹង​រយៈពេល ៩០ថ្ងៃ កាលពី​ដើម​ខែធ្នូ ដើម្បីចរចា​រកដំណោះស្រាយ​ផងដែរ ហើយគ្រប់គ្នា​កំពុងរំពឹងឲ្យចេញលទ្ធផល​វិជ្ជមាន៕