(តូក្យូ)៖ រដ្ឋាភិបាល​ជប៉ុននា​ថ្ងៃអង្គារនេះ បានសម្រេច​ឯកភាពចំពោះគម្រោងការពារជាតិ ដែលមាន​គោលដៅ​ប្រែក្លាយ​នាវា​ចំនួន ​០២​​គ្រឿង ឲ្យទៅជានាវាដឹកយន្តហោះ​ចម្បាំង ដែលទីក្រុងតូក្យូ​មិនមាននោះឡើយ​ ចាប់តាំងពី​​ក្រោយ​សម័យ​សង្រ្គាម​លោកលើក​ទីពីរ​។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពី សារព័ត៌មានថៃ​បាងកកប៉ុស្តិ៍ នៅ​រសៀល​ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ផែនការរយៈពេល​០៥ឆ្នាំខាងលើនេះ តម្រូវឲ្យយោធាជប៉ុន​ធ្វើការកែលម្អ​នាវាដឹកឧទ្ធម្ភាគចក្រសព្វថ្ងៃ​ចំនួន​ពីរ​​គ្រឿង ​ឲ្យមាន​សមត្ថភាព​​ដឹកយន្តហោះ​ចម្បាំងបាន ហើយវាគឺជាចំណាត់​ការថ្មីចុងក្រោយ​បំផុត​របស់​នាយករដ្ឋមន្រ្តី​ លោក ស៊ីនហ្សូ អាបេ ក្នុងការពង្រឹង​សមត្ថភាពយោធា​ជប៉ុន។ ក្រៅពីនេះ​រដ្ឋាភិបាលជប៉ុន ក៏បានប្រកាស​ទិញ​សព្វាវុធទំនើបៗ​យ៉ាងច្រើនសន្ធឹក​សន្ធាប់ រួមមានទាំងយន្តហោះ​ចម្បាំង​បំបាំងកាយ​ជំនាន់ថ្មី​បំផុត F-35 ជាដើមពីសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់របស់ខ្លួន​នោះគឺសហរដ្ឋអាមេរិក ដើម្បីទប់ទល់​ឥទ្ធិពលចិន រុស្ស៊ី និងកូរ៉េខាងជើង​នៅក្នុងតំបន់។

ទោះជា​បែបនេះក្តី អ្នករិះគន់បាន​លើកឡើងថា គម្រោងទាក់ទិន​នឹងវិស័យការពារជាតិ​ទាំងនេះ កំពុងរំកិល​​ទីក្រុងតូក្យូ​ឲ្យឃ្លាតចេញ​ទៅឆ្ងាយពី​ការប្តេជ្ញា​របស់ខ្លួន ចំពោះការរក្សា​សមត្ថភាពយោធា​ត្រឹមក្នុងលក្ខណៈ​ស្វ័យការពារ នៅក្រោម​រដ្ឋធម្មនុញ្ញ​សន្តិនិយម​​ក្រោយសម័យ​សង្រ្គាមលោកលើកទីពីរ​​របស់ជប៉ុន។ បន្ថែមពីនេះ ផែនការរយៈពេល​០៥ឆ្នាំខាងលើ មានទ្រទ្រង់ដោយកញ្ចប់​ថវិកា ២៤៤ពាន់លានដុល្លារ ដែលអាចប្រើប្រាស់​​រហូត​ដល់​​ខែមីនា ឆ្នាំ២០២៤ ឯណោះ៕