(សេអ៊ូល)៖ អង្គការសិទ្ធិមនុស្សធំបំផុត​មួយនៅ​កូរ៉េខាងត្បូង នឹងដក​ហូតពានរង្វាន់ ដែលខ្លួនបាន​ប្រគល់ទៅឲ្យ​មេដឹកនាំ​​មីយ៉ាន់ម៉ា​លោកស្រី អោងសាន ស៊ូជី យកមកវិញ ដោយសារបញ្ហា​ពាក់ព័ន្ធនឹង​​ជនជាតិ​ភាគតិចរូហ៊ីងយ៉ា។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ដោយឡែក​កាលនោះ លោកស្រី សូជី មិនបានទទួលពាន​រង្វាន់សិទ្ធិ​មនុស្ស ក្វាងជូ (Gwangju) ដោយផ្ទាល់ឡើយ ដោយសារ​តែលោកស្រី​ស្ថិតក្រោម​ការឃុំឃាំង​នៅក្នុង​គេហឋាន ​ដោយអតីត​រដ្ឋាភិបាល​យោធាភូមា។ អ្នកនាំពាក្យ​អង្គការសិទិ្ធមនុស្ស May 18 Memorial Foundation បានលើក​ឡើងយ៉ាងដូច្នេះថា «ភាពមិនសូវខ្វាយខ្វល់​​​របស់លោកស្រី ចំពោះបញ្ហា​​​ហិង្សា​ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា គឺផ្ទុយស្រឡះពី​គុណតម្លៃ​ដែលពានរង្វាន់ប្រភេទនេះ​តម្រូវឲ្យ នោះគឺ​ការការពារ និងលើកកម្ពស់​​សិទ្ធិមនុស្ស»

ដោយសារហេតុផល​ខាងលើ ​​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការខាងលើ នាថ្ងៃចន្ទសប្តាហ៍នេះ ក៏បានសម្រេច​នឹង​ដកហូត​ពាន​រង្វាន់ពី​លោកស្រី អោងសាន ស៊ូជី វិញ។ មូលនិធិ May 18 Memorial Foundation ត្រូវបានបង្កើត​ឡើងកាលពី​ឆ្នាំ​១៩៩៤ ដើម្បីជាការគោរព​ដល់ចលនាងើបឈរឡើង ដើម្បីលទ្ធិប្រជាធិបតេយ្យ​នៅឯទីក្រុង Gwangju កាលពីឆ្នាំ១៩៨០ ដែល​បាន​បញ្ចប់​​ទៅដោយការបង្ហូរឈាម ហើយចលនា​ប្រឆាំងមេដឹកនាំ​យោធាផ្តាច់ការ Chun Doo-hwan នេះ បាន​ជំរុញ​​ឲ្យ​មាន​​​ការ​ធ្វើបាតុកម្មគាំទ្រ​ប្រជាធិបតេយ្យ​ទ្រង់ទ្រាយធំ​នៅកូរ៉េខាងត្បូង ដែល​ជា​ការ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ស្តារ​​លទ្ធិប្រជា​ធិប​​តេយ្យទាំង​ស្រុងឡើងវិញ​នៅ ០៧ឆ្នាំក្រោយ។

គួរជម្រាបថា កាលពីខែវិច្ឆិកា អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International ក៏បានដកហូតពាន​កិត្តិយស Ambassador of Conscience Award ពីលោកស្រី ស៊ូជី ផងដែរ ក្រោមហេតុផល​ស្រដៀងគ្នា៕