(កាណាដា)៖ ក្រុមហ៊ុន​ផលិតសព្វាវុធ និងអវកាសដ៏ធំ​របស់អន្តរជាតិ General Dynamics បានព្រមាន​ប្រទេសកាណាដាថា ប្រសិនបើរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពិតជាដើរ​តាមគំរោង​ដក​ខ្លួនចេញពីកិច្ចព្រមព្រៀងទិញ និងលក់អាវុធ​ជាមួយអារ៉ាប៊ីសាអូឌីតមែននោះ ប្រទេស​អាមេរិកខាងជើងមួយនេះ នឹងត្រូវទទួលខុសត្រូវលើការសង​ប្រាក់រាប់ពាន់លានដុល្លារ ទៅដល់ក្រុមហ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀល​ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ការព្រមានត្រូវធ្វើឡើងនាដើម​សប្តាហ៍នេះ ដើម្បីជាការឆ្លើយតប​ទៅនឹង​នាយករដ្ឋមន្ត្រី​កាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) ដែលបាន​លើកឡើង​កាលពីថ្ងៃអាទិត្យ​សប្តាហ៍មុននេះថា ប្រទេសរបស់លោក​ចង់រំសាយចោលកិច្ចព្រមព្រៀងទិញ-លក់​សព្វាវុធ​ដែលមាន​តម្លៃរាប់ពាន់លានដុល្លារ​ជាមួយអារ៉ាប៊ូសាអូឌីត ក៏ព្រោះ​តែ​រាជាណាចក្រ​នេះ​មានជាប់ពាក់ព័ន្ធ​នឹងការសម្លាប់អ្នកកាសែត​វ៉ាស៊ីនតោនប៉ុស្តិ៍ លោក ចាម៉ាល់ ខាសហូកជី (Jamal Kashoggi) និងសង្គ្រាម​បង្ហូរឈាមនៅប្រទេស​យ៉េមែន។

លោក ទ្រូដូ បានប្រាប់​ទូរទស្សន៍ក្នុង​ស្រុក CTV កាលពីថ្ងៃអាទិត្យ​យ៉ាងដូច្នេះថា «ការធ្វើឃាត​អ្នកកាសែតរូបនោះ គឺពិតជារឿង​ដែលមិនអាចទទួលយកបាន​ទាល់តែសោះ ហេតុដូច្នេះហើយទើបប្រទេស​កាណាដា ចាប់តាំងពីដើម​រៀងមកបានព្យាយាម​​ទាមទារ​ស្វែងរក​ការពិត និងដំណោះស្រាយ​ជុំវិញករណីឃាតកម្ម​នេះ...។ បន្ថែមពីនេះ​យើងក៏បាន​សើរើកិច្ច​សន្យាតម្លៃ ១៥ពាន់លានដុល្លារអាមេរិក ដែលត្រូវបាន​ចុះហត្ថលេខា​ដោយ​អតីតនាយករដ្ឋមន្ត្រីលោក ស្ទេហ្វិន ហាភើ (Stepen Harper) ដើម្បី​លក់​រថពាសដែក​ទៅឲ្យ​អារ៉ាប៊ីសាអូឌីតនោះផងដែរ​...»។

កិច្ចព្រមព្រៀង​ខាងលើនេះ ត្រូវបានធ្វើឡើង​កាលពីឆ្នាំ២០១៤ រវាង​​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត និងរដ្ឋាភិបាល​នៃអតីតនាយករដ្ឋមន្ត្រី​កាណាដា លោក Harper។ វាតម្រូវ​ឲ្យក្រុមហ៊ុន General Dynamics Land Systems-Canada ផលិត​​រថពាស​ដែក​ប្រភេទ LAV 6 ចំនួន ៩២៨គ្រឿង (មានសមត្ថភាពដឹកយោធា) ទៅដល់​ប្រទេស​អារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា បើតាម​ក្រុមហ៊ុន General Dynamics ប្រាក់ពិន័យ​ដែលកាណាដា​ត្រូវសងក្រុមហ៊ុននេះនៅពេល​ត្រូវលុបកិច្ច​ព្រមព្រៀងទិញ-លក់សព្វាវុធ​នោះ គឺយ៉ាង​ហោចណាស់​ក៏ ១ពាន់លានដុល្លារ​កាណាដាដែរ ដែលស្មើនឹង ៧៤៧លាន​ដុល្លារអាមេរិក។ បន្ថែមពីនេះទៀត ផលអវិជ្ជមានជា​ច្រើនក៏នឹងជះទៅលើ​អ្នកបម្រើ​ការងារ និង​ក្រុមហ៊ុន​​ផ្គត់​ផ្គង់​ជាសម្ព័ន្ធ​ក្នុងវិស័យផលិត​សព្វាវុធ នៅទូទាំងប្រទេសកាណាដាផ្ទាល់តែម្តង៕