(ម៉ិចស៊ីកូ)៖ ប្រធានាធិបតី​​ម៉ិចស៊ីកូ​លោក ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ (Manuel Lopez Obrador) បាននិយាយថា ករណីលួច​បូមប្រេង​បាន​និងកំពុង​ធ្វើឲ្យ​ប្រទេស​របស់លោកខាតបង់ថវិកា​ចន្លោះពី ២.៩ ទៅ ៣.៩ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយលោក​បានប្តេជ្ញាថា នឹង​​ទប់​ស្កាត់​បទល្មើស​នេះឲ្យបាន​នាពេល​ខាងមុខ។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅចំពោះមុខ​ក្រុមអ្នក​សារព័ត៌មាន លោក Lopez Obrador បានឲ្យដឹងថា ឆាប់ៗនេះរូបលោក​នឹង​បញ្ចេញ​​គម្រោង​​ការ​មួយ ដែលមានគោលដៅ​​​ប្រយុទ្ធប្រឆាំង​ជាមួយការកើនឡើង​នៃករណីនេះដែលជាបញ្ហា​ដ៏ធ្ងន់ធ្ងរមួយ ពីព្រោះ​ជន​ខិលខូច​ទាំងនោះ បានលួច​​ប្រេង​​ពី​ក្រុមហ៊ុនរដ្ឋ​គិតជាទឹក​ប្រាក់ចន្លោះពី​ ៦០ ទៅ ៨០ពាន់លានប៉េសូ ដែលស្មើ​នឹង​ចន្លោះ​ពី ២.៩៥ ទៅ ៣.៩៣ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗ។

គួរជម្រាបថា បើតាមលោក​ប្រធានាធិបតីម៉ិចស៊ីកូ អំពើចោរកម្មនេះមិនត្រឹមមាន​ជាប់ពាក់ព័ន្ធជាមួយ​​បណ្តាញ​​ក្រុម​ពួក​ឧក្រិដ្ឋជន​ប៉ុណ្ណោះទេ តែថែមទាំងមាន​ការចូលរួមពីសំណាក់​បុគ្គលិក​ពុករលួយ នៃក្រុមហ៊ុនប្រេង​រដ្ឋ Penex ផងដែរ។​ ​បទល្មើស​លួចប្រេងនេះ​ភាគច្រើន តែងកើតមាន​នៅរដ្ឋ Puebla ភាគកណ្តាល​ប្រទេស ជាទីដែលបណ្តាញ​​បំពង់ផ្គត់ផ្គង់​ប្រេង​​​ប្រមូលផ្តុំគ្នា មកពីឈូងសមុទ្រ​ម៉ិចស៊ីកូ៕