(អ៊ីស្រាអែល)៖ ​គណនី Facebook របស់កូនប្រុស​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល គឺលោក យ៉ាអឺ ណឺតាន់យ៉ាហ៊ូ (Yair Netanyahu) ត្រូវបានបណ្តាញសង្គមយក្សអាមេរិកមួយនេះ បិទលែងឲ្យបង្ហោះ​​សារ​មួយ​រយៈ​ខ្លី បន្ទាប់ពី​លោក​បានសរសេរសារ​ (Status) រើសអើង​​ជាច្រើន​នៅលើ News Feed របស់លោកកាល​ពីសប្តាហ៍​មុន​។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន លោក Yair បានសរសេរ​​នៅលើគណនីបណ្តាញសង្គម Facebook ផ្ទាល់របស់លោកថា «នៅអ៊ីស្លង់ និងជប៉ុន ពុំមាន​ករណី​​ភេរវ​កម្មឡើយ ដោយសារ​តែមិនមានវត្តមានជនមូស្លីម​រស់នៅទីនោះ។ ក្នុងសារបង្ហោះ​មួយទៀត កូនប្រុស​លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល​បានលើកឡើងថា សន្តិភាព​នឹងមិនអាចសម្រេច​បានឡើយនៅ​អ៊ីស្រាអែល រហូតទាល់​តែលែងមាន​ជនមូស្លីម​នៅទីនោះ»។

ជាការ​ឆ្លើយតប Facebook បានសម្រេចប្លុក​គណនី​របស់លោក Yair រយៈពេល ២៤ម៉ោង ហើយ​លុប​សាររើសអើង​​ទាំង​នោះចោល។ ការបង្ហោះសារ​គឺសិទ្ធិបុគ្គលពិតមែន ប៉ុន្តែ​គោលការណ៍​របស់ Facebook និងបណ្តាញ​ទំនាក់ទំនងសង្គមធំៗ​មួយចំនួន​ទៀត បាន​ព្យាយាមលុបបំបាត់ការបង្ហាញសារ ឬវីដេអូរើសអើងពូជសាសន៍ សាសនា និង​រូបភាពនានា​ ដែលមានចេតនាបង្កផល​ប៉ះពាល់ ដល់សតិអារម្មណ៍របស់មនុស្ស​ទូទៅ៕