(ប៊ែលហ្សិក)៖ ក្រុមអ្នកស៊ើប​អង្កេតប៊ែលហ្សិក បានដឹកនាំ​ការចុះឆែកឆេរមួយនៅ​ឯក្រសួង​ហិរញ្ញវត្ថុ ក្រោមក្រប​ខណ្ឌនៃការ​ស៊ើបអង្កេតជុំវិញ​ការបាត់លុយរាប់ពាន់​លានដុល្លារ ដែលកម្មសិទ្ធិ​របស់អតីតមេដឹកនាំ​លីប៊ី​លោក មួអាមម៉ារ ហ្គាដាហ្វី (Muammar Gaddafi)។ នេះ​បើ​តាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ក្រុមអ្នកស៊ើប​អង្កេតបានសួរចម្លើយ​អតីតមន្ត្រីក្រសួងហិរញ្ញវត្ថុ​ម្នាក់ ដែលជាប់ពាក់ព័ន្ធ​នឹងការស៊ើបអង្កេតលើ ករណីការចោទប្រកាន់​ពីបទលួចដកយកប្រាក់ជាង ២ពាន់លានដុល្លារ​របស់លោក Gaddafi ដែលត្រូវបាន​គេបង្កកទុកនោះ ចេញពីធនាគារ​​ក្នុងប្រទេស​ប៊ែលហ្សិក ហើយយកទៅជួយដល់​ក្រុមឧទ្ទាមជាច្រើន​នៅក្នុងប្រទេស​លីប៊ី។

គួរជម្រាបថា បន្ទាប់ពីការស្លាប់​របស់អតីតមេដឹកនាំ​លីប៊ី​លោក Muammar Gaddafi កាលពីឆ្នាំ២០១១ ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​ (UNSC) បានបង្គាប់ឱ្យបង្កក​ទ្រព្យសម្បត្តិ​របស់លោក ខណៈគណនី​របស់លោកមាននៅតាម​ធនាគារចំនួន ០៤ផ្សេងៗពីគ្នា។ ប៉ុន្តែក្រោយមក ស្រាប់តែ​ប្រព័ន្ធផ្សព្វផ្សាយប៊ែលហ្សិក​ជាច្រើន បានរាយការណ៍​លុយនៅក្នុងគណនីទាំងនេះ​ ត្រូវបាន​ដកយកអស់យ៉ាង​អាថ៌កំបាំង៕