(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បាន​ចេញសេចក្តីអំពាវនាវ​មួយ​ឲ្យប្រទេសកូសូវ៉ូ និងស៊ែប៊ី រក្សាការ​អត់ធ្មត់ និងបង្កើតឱកាស​ដើម្បីចរចាគ្នា​ឡើងវិញ ខណៈប្រទេសស៊ែប៊ី​​ហាក់​កំពុង​ព្រមានធ្វើ​អន្តរាគមន៍យោធា ដើម្បីឆ្លើយតបទៅ​នឹងការអនុម័តបង្កើន​ចំនួនកងទ័ព ពីសំណាក់​រដ្ឋសភាកូសូរ៉ូ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ជុំវិញបញ្ហាខាងលើនេះ អ្នកសម្របសម្រួលនយោបាយ​អាមេរិក​ប្រចាំនៅអង្គការសហ​ប្រជាជាតិលោក រ៉ូដណី ហាន់ថឺ (Rodney Hunter) បានបញ្ជាក់​យ៉ាងដូច្នេះថា «យើង​លើកទឹកចិត្ត​ឲ្យភាគីទាំងពីរ គឺកូសូវ៉ូ និងស៊ែប៊ី​ បោះជំហានឲ្យបានឆាប់រហ័សទៅ​រកការ​បន្ធូរ​បន្ថយភាពតានតឹង ហើយបង្កើតកិច្ច​ចរចាគ្នា ដើម្បីឲ្យគ្រប់យ៉ាងបានប្រសើរ​ឡើងវិញ...»។ ​ទីក្រុងវ៉ាស៊ីនតោន​ក៏បានអំពាវនាវឲ្យ​ភាគីទាំងពីរ កុំបង្កហេតុឡើង​ថែមទៀត នោះទើប​កិច្ចចរចា​អាចសម្រេចចេញលទ្ធផល​ដែលគ្រប់គ្នា​ចង់បាន។

ដោយឡែកកាលពីសប្តាហ៍មុននេះ អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានបង្ហាញក្តី​កង្វល់ជាខ្លាំង ជុំវិញ​ការអនុម័ត​​របស់​សភា​កូសូវ៉ូ​លើសេចក្តីព្រាងច្បាប់​ចំនួន ០៣ ដែលមាន​គោលដៅពង្រឹង​តួនាទី​ និង​បង្កើនសមត្ថភាព​កង​កម្លាំង​​សន្តិសុខ (កងទ័ព) ​កូសូវ៉ូ។ លោក Guterres បានអំពាវនាវ​ដល់​គ្រប់ភាគី​ពាក់​ព័ន្ធ​ទាំងអស់ ឲ្យ​មាន​ការអត់ធ្មត់​ និងចៀសវាង​​ការធ្វើសកម្មភាព​ដែលអាចបង្កើនភាព​តានតឹង និងបង្ក​ភាព​រាំងស្ទះ​នៅ​ក្នុងសន្ទនា​ដែលមាន​ការសម្របសម្រួល ពីសំណាក់​សហភាពអឺរ៉ុប (EU) សម្រាប់​កិច្ចប្រឹងប្រែងធ្វើ​ឲ្យឡើង​វិញ​ នូវទំនាក់​ទំនង​រវាងប្រទេស​ស៊ែប៊ី និងកូសូវ៉ូ។

គួររំលឹកកាល​ពី​ឆ្នាំ២០០៨ កូសូវ៉ូបានប្រកាស​​ឯករាជ្យដោយ​ឯកតោភាគី ដោយផ្តាច់ខ្លួន​ពីប្រទេសស៊ែប៊ី ខណៈ​រដ្ឋាភិបាលស៊ែប៊ីបាន​ទាត់ចោលដោយមិនទទួល​ស្គាល់ ការប្រកាសឯករាជ្យនេះឡើយ ហើយស៊ែប៊ីថែមទាំងចាត់ទុក​​កូសូវ៉ាថា ត្រឹមជាខេត្ត​មួយរបស់ខ្លួនប៉ុណ្ណោះ។ ​​នា​ថ្ងៃសុក្រ​សប្តាហ៍មុននេះ រដ្ឋាភិបាល​ស៊ែប៊ី​ក៏បានចេញមុខ​ថ្កោលទោស​​លើ​​ការសម្រេចចិត្ត​របស់សភាកូសូវ៉ូ​ផងដែរ ហើយ​បាន​ព្រមានថា​ខ្លួននឹងអាចបញ្ចេញសកម្មភាព​ដែលចាំបាច់ ​ដើម្បីរក្សា​សន្តិភាព។

ទោះបីជា​បែបនេះក្តី សហរដ្ឋអាមេរិក និងសហព័ន្ធអាល្លឺម៉ង់​ដែលជាសម្ព័ន្ធមិត្ត​នឹងគ្នានោះ បានបង្ហាញ​ការគាំទ្រចំពោះ​កូសូវ៉ូ ក្នុងការបង្កើនសមត្ថភាពទ័ព​ដោយខ្លួនឯង ដោយ​មហាអំណាច​ទាំងពីរនេះ​អះអាងថា «កូសូវ៉ូមាន​សិទ្ធិក្នុងការ​បង្កើតទ័ព» ខណៈកាលពី​ពេលថ្មីៗ​នេះ អាមេរិកក៏ធ្លាប់​ឧបត្ថម្ភរថពាស​ដែក ២៤គ្រឿង ដល់រដ្ឋាភិបាលកូសូវ៉ូផងដែរ៕