(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នឹងព្រមានសមាជិកសភានៅថ្ងៃចន្ទនេះថាការរៀបចំការបោះ​ឆ្នោតប្រជាមតិជាលើកទី២ស្ដីពីការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit អាចនឹងបំផ្លាញទំនុកចិត្តរបស់ប្រជាជនអង់គ្លេស។ នេះបើតាមសេចក្ដីព្រាងសុន្ទកថាមួយ ដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

អតីតសមាជិកសភាលោក John Major និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair បានស្ថិតនៅក្នុងចំ​ណោម​ក្រុមអ្នក​នយោ​បាយ​ដែល​​កំពុងទាមទារឱ្យមានការបោះឆ្នោតប្រជាមតិជាលើកទី២។ ប៉ុន្តែ បើតាមសេចក្ដីព្រាងសុន្ទរកថា​​មួយដែលត្រូវថ្លែង​នៅថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងឡុងដ៍) លោកស្រី May នឹងព្រមានសមាជិកសភាទាំងអស់ថាការរៀបចំ​ការ​បោះ​ឆ្នោត​ប្រជាមតិជាលើកទី២ស្ដីពីការចាកចេញពីសហភាពអឺរ៉ុបឬ Brexit អាចនឹងបំផ្លាញទំនុកចិត្តរបស់ប្រជាជន​អង់គ្លេស ហើយវាមានតែបន្សល់ទុកនូវបញ្ហាដ៏ស្មុគស្មាញតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក ចក្រភពអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោយមានកិច្ចព្រមព្រៀងមួយរវាងទីក្រុងឡុងដ៏ និងសហភាពអឺរ៉ុបនាពេលថ្មីៗនេះ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ និង Brexit អាចចូលជាធរមានបាន ទាល់តែមានការអនុម័តពីសភាជាមុនសិន៕