(ក្រិច)៖ មានករណីផ្ទុះ​គ្រាប់បែកនៅស្ថានីយ​ទូរទស្សន៍ Skai TV ក្នុងទីក្រុង​អាតែន ប្រទេសក្រិក ប៉ុន្តែពុំមានមនុស្ស​​រង​គ្រោះថ្នាក់​ឡើយ។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

បើតាមប៉ូលិស​ក្រិក ហេតុការណ៍ខាងលើ​បានកើតឡើងនាវេលាយប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃចន្ទនេះ (ម៉ោង​នៅក្នុង​​​តំបន់​​កើតហេតុ​) ហើយវា​បានបង្កការខូចខាត​តាំងពីជាន់ទី ១ ដល់ជាន់ទី ៦ នៃអគារការិយាល័យ​នៃស្ថានីយ​ទូរទស្សន៍​​ខាង​លើ ហើយ​គ្រឿងផ្ទុះនោះ​គឺជាគ្រាប់បែក​បែបកែច្នៃ ដែល​ផលិតដោយ​ផ្ទាល់ដៃ។

គួរជម្រាបថា មូលហេតុ​ដែលពុំមានអ្នករងគ្រោះ គឺដោយសារ​មានការហៅទូរស័ព្ទព្រមាន​ឲ្យដឹងជាមុន ទៅកាន់​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន០២។ ទន្ទឹមនឹងនេះ​ក៏ពុំទាន់មានក្រុម​ណាមួយ​ចេញមុខអះអាងថា ជាទង្វើរបស់​ខ្លួនដែរ។ បច្ចុប្បន្នប៉ូលិសជំនាញរបស់​ក្រិក​កំពុង​ធ្វើការស៊ើបអង្កេតបន្តទៀត ដោយពុំទាន់​មានការបញ្ជាក់ថា វាអាចជា​អំពើភេរវកម្ម​ ឬក៏មិនមែន​នោះ​ឡើយ៕