(ហ្សាការតា)៖ ប្រតិបត្តិការ​រុករក​ប្រអប់ខ្មៅមួយ​ទៀត​ របស់​យន្តហោះ​អាកាសចរណ៍​ឥណ្ឌូណេស៊ី Lion Air ដែលបាន​​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​ជ្វាកាលពី​ថ្ងៃទី២៩ ខែតុលា ត្រូវបាន​ពន្យារពេល​ពីរថ្ងៃ ដោយសារតែអាកាសធាតុ​មិនល្អ ជា​ហេតុបង្ក​ផលលំបាកក្នុងការ​ធ្វើដំណើរមកដល់នៃ​កប៉ាល់ជំនាញមួយគ្រឿង​។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ខណៈដែល​​តួយន្តហោះ Boeing 737 MAX ដែល​បានធ្លាក់ និងផ្តាច់ជីវិត​មនុស្ស​ទាំងអស់ ១៨៩នាក់ និង​ប្រអប់ខ្មៅទីពីរ​ពុំទាន់ត្រូវបាន​រកឃើញ ក្នុងអំឡុងប្រតិបត្តិការរុករក​ដំណាក់កាលដំបូង ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ឥណ្ឌូ​ណេ​ស៊ី Lion Air បានប្រកាស​ឲ្យដឹងថា ខ្លួនបាន​សម្រេចចាប់ផ្តើមប្រតិបត្តិការ​រុករកថ្មី ដែលចាយទុន ២.៦លានដុល្លារ តាម​រយៈ​ការ​ប្រើប្រាស់កប៉ាល់​ឯកទេស​ឈ្មោះ MPV Everest។

កប៉ាល់ខាងលើ​ត្រូវគេរំពឹងថា នឹងមកដល់កន្លែង​យន្តហោះធ្លាក់​នៅថ្ងៃចន្ទនេះ ប៉ុន្តែដោយសារ​អាកាសធាតុអាក្រក់ និងភ្លៀង​ធ្លាក់​ខ្លាំង​នៅឯកំពង់ផែ ចូហរ បារូ (Johor Bahru) នៃប្រទេស​ម៉ាឡេស៊ី បានរារាំងដល់ដំណើរ​ការចល័តសម្ភារៈ និងក្រុម​​​នាវិក ទើប​​​​បណ្តាលឲ្យ​​មានការព​ន្យារពេល​នៃការមកដល់របស់​​កប៉ាល់ រហូតទៅដល់​ថ្ងៃពុធសប្តាហ៍​នេះវិញ។

គួរជម្រាបថា ការសម្រេចចិត្ត​របស់អាកាសចរណ៍ Lion Air ក្នុងការចេញថ្លៃ​ចំណាយលើ​ប្រតិបត្តិការខាងលើ​អាចចាត់ទុកជា​​រឿង​កម្រមួយ​ ដោយជាទូទៅការ​ចំណាយប្រភេទនេះ ត្រូវបានធ្វើឡើង​ដោយរដ្ឋាភិបាល​ទៅវិញទេ៕