(អាមេរិក)៖ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ទើបតែបាន​បញ្ចេញរូបភាពថ្មី​ៗ និងវីដេអូ ដែលបង្ហាញ​​នូវទិដ្ឋភាព​មើលពីខាងលើ ​​​នៃ​បឹងបុរាណមួយនៅ​ភពអង្គារ (Mars) ដែល​ជា​ទីតាំងស្រាវជ្រាវ​​​សម្រាប់យានរ៉ូវើ (Rover) ថ្មីរបស់ខ្លួន នៅក្នុងការរុករក​​សញ្ញា​នៃ​វត្តមាន​ជីវិត ដែលរលត់សាបសូន្យជាយូរលង់ណាស់​មកហើយ នៅលើភព​ក្រហមនេះ។ នេះ​បើ​តាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយអវកាស Space នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

កាលពីខែមុន​អង្គការ NASA បាន​ប្រកាសថា យាន Mars Rover ឆ្នាំ២០២០ នៅចុះទៅ​ដល់ក្នុងរណ្តៅ​ឈ្មោះថា Jezero Crater ដែលមាន​មុខកាត់ ៤៥គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើង​​បន្ទាត់អេក្វាទ័រ​​នៃ​ភព​អង្គារ។ នៅក្នុង​រណ្តៅ Jezero ធ្លាប់​មាន​វត្ត​មានបឹងធំ​មួយ នៅពេល​​ភពអង្គារ នៅជាកន្លែង​មានកម្តៅ និងសំណើមខុសពីពេលបច្ចុប្បន្ន។

គួរជម្រាបថា បេសសកកម្ម Mars Rover 2020 ត្រូវគេកំណត់ថា នឹងចាប់ផ្តើម​​នៅខែកក្កដា ឆ្នាំ២០២០ ហើយការចុះ​ទៅ​ដល់ទីតាំងស្រាវជ្រាវ​លើភពអង្គារ នឹងកើតឡើង​នៅខែកុម្ភៈ ឆ្នាំ២០២១។ តួខ្លួនរបស់​យានថ្មីនេះ មានលក្ខណៈស្រដៀង​គ្នាខ្លាំងទៅនឹងយាន Curiosity របស់ NASA ដែលបាន​និងកំពុងសិក្សាស្រាវជ្រាវនៅតំបន់​រណ្តៅ Gale Crater ចាប់តាំង​ពីខែសីហា ឆ្នាំ២០១២​មក៕