(ម៉ូស្គូ)៖ មេបញ្ជាការនៃ​កងកម្លាំងយុទ្ធសាស្ត្រ​មីស៊ីលរុស្ស៊ី​​លោក ស៊ឺហ្គៃ ការ៉ាកាអេវ (Sergei Karakaev) បានឱ្យដឹងថា យោធារុស្ស៊ី​កំពុងធ្វើការវាយតម្លៃពី​ផលវិបាកដែលអាច​នឹងកើតឡើង​ក៏ដូចជា​វិធានការ​ឆ្លើយតប ក្នុងករណី​សហរដ្ឋអាមេរិក​ដកខ្លួនចេញពី​​ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចំងាយ​មធ្យម (INF)។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់​សារព័ត៌មាន​នៅក្នុងស្រុក លោក Karakaev បានគូស​បញ្ជាក់យ៉ាងដូច្នេះ​ថា «ផលប៉ះពាល់​នៃផលវិបាកបង្កឡើង ​នៅក្នុងករណី​សហរដ្ឋអាមេរិកដកខ្លួន​ចេញពី​សន្ធិសញ្ញា INF រួមទាំងការ​ដាក់ពង្រាយមីស៊ីល​រយៈចំងាយមធ្យម​នៅអឺរ៉ុប​នៅពេល អនាគតគឺ​កំពុងស្ថិតនៅក្រោម​ការវាយម្លៃ... ហើយវាគឺជា​ការគំរាមកំហែងដល់​សន្តិសុខជាតិ​របស់យើង»

គួរជម្រាបថា សន្ធិសញ្ញា INF ត្រូវបានចុះ​ហត្ថលេខាកាលពី​ឆ្នាំ១៩៨៧ សំដៅបញ្ចប់ភាព​តានតឹងរវាងអតីត​សហភាព​សូវៀត និង​សហរដ្ឋអាមេរិក អំឡុងសម័យ​សង្រ្គាម​ត្រជាក់។ ប៉ុន្តែដោយសំអាងថា ទីក្រុងម៉ូស្គូ មិនគោរពតាម​កិច្ចព្រមព្រៀង ​​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាលពីខែវិច្ឆិកា​កន្លងទៅ​បានប្រកាសថា នឹងដកសហរដ្ឋអាមេរិក​ចេញពី សន្ធិសញ្ញានេះ​ដែលកន្លងមកបានតម្រូវឱ្យភាគីទាំងពីរ​ បំផ្លាញមីស៊ីល​បាលិស្ទីគបាញ់ពី​ផ្ទៃដី និងមីស៊ីលបាញ់​ចេញពីទឹក​មានរយៈចំងាយពី ៥០០គីឡូម៉ែត្រ ដល់ ៥,៥០០គីឡូម៉ែត្រនោះ៕