(ព្រុចសែល)៖ បាតុកររាប់ពាន់នាក់​បានប៉ះទង្គិចគ្នាជាមួយ​ប៉ូលិស​ប៊ែលហ្សិក ក្នុងអំឡុង​ការដង្ហែរ​ក្បួរ​ប្រឆាំង​តវ៉ា​​នឹង​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍​ពិភពលោករបស់​អង្គការ​សហប្រជាជាតិ នៅឯ​ទីក្រុង​ព្រុចសែល​នាថ្ងៃអាទិត្យ។ នេះ​​បើតាមការ​ដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

បាតុកម្មខាងលើត្រូវបានធ្វើឡើង​​ក្រោមគោលដៅប្រឆាំង​​ ចំពោះ​កិច្ចព្រមព្រៀង​ជាសកលសម្រាប់ការធ្វើអន្តោប្រវេស​ន៍​​​ដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងជាប្រចាំរបស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបាន​ចុះហត្ថលេខាអនុម័ត​នៅឯ​ទីក្រុង​ ម៉ារ៉ាខេច (Marrakech) នៃប្រទេសម៉ារ៉ុក កាលពីដើម​សប្តាហ៍មុន។

កម្លាំងប៉ូលិស​​បានសម្រេចប្រើឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់ទឹក ខណៈដែល​ការប៉ះទង្គិចគ្នា​បានកើតមាន​ឡើង​ នៅក្បែរ​អគារស្នាក់ការ​របស់​​សហភាពអឺរ៉ុប។ ចំនួនក្រុម​បាតុករ​សរុបត្រូវគេ​រាយការណ៍ថា មាន​ប្រហែល ៥,៥០០នាក់ ដោយគិតបញ្ចូល​មនុស្ស​ជាង ១,០០០នាក់ ដែលបាន​នាំគ្នា​ដង្ហែរក្បួនដោយ​សន្តិវីធី ​ដើម្បីសម្តែងការគាំទ្រ​ដល់​​កិច្ច​ព្រម​​ព្រៀង​​ខាងលើ។ ការិយាល័យ​រដ្ឋអាជ្ញាទីក្រុងព្រុចសែល បានឲ្យដឹងថា មនុស្សចំនួន១០០នាក់ ត្រូវបានចាប់ខ្លួន​ផង​ដែរ​។

គួជម្រាបថា កាលពីខែកក្កដាកន្លងទៅ សមាជិក​អង្គការ​សហប្រជាជាតិចំនួន ១៦៩ប្រទេស បាន​ឯកភាពគ្នា​លើកិច្ច​​ព្រម​ព្រៀងពិភពលោក​ ស្តីពីបញ្ហាអន្តោប្រវេសន៍​នេះ ដែលត្រូវបាន​ចុះហត្ថលេខា​ដោយប្រទេសចំនួន ១៦៤ នៅទីក្រុង Marrakech កាលពី​សប្តាហ៍មុន ខណៈ​សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប​មួយចំនួន​មិនព្រមចុះហត្ថលេខា​ អនុម័តជាផ្លូវការ​ឡើយ​។​

​កិច្ចព្រមព្រៀង​អន្តរជាតិនេះ មានគោល​ដៅព្យាយាម​ស្វែងរកដំណោះស្រាយ​រួម សម្រាប់បញ្ហា​អន្តោប្រវេសន៍​ជាសកល ដើម្បី​ទាញយកប្រយោជន៍​​ប្រកបដោយ​ប្រសិទ្ធភាព​ពី​បញ្ហានេះ​ហើយស្របពេលជាមួយគ្នា គឺត្រូវគិតគូរពីហានិភ័យ​ និងបញ្ហាចោទ​សម្រាប់បុគ្គល និងសហគមន៍នីមួយៗ​នៅក្នុងប្រទេស​ជាប្រភព ប្រទេស​ដែល​ត្រូវឆ្លងកាត់ ​និង​ប្រទេស​​ជា​គោលដៅ៕