(​ហ្សាការតា)៖ អាជ្ញាធឥណ្ឌូណេស៊ីបានឱ្យដឹងថាភ្នំភ្លើង Soputan ស្ថិតនៅខេត្ត Sulawesi ភាគជើងនៃភាគកណ្ដាលប្រទេស បានផ្ទុះនៅថ្ងៃអាទិត្យនេះ ដោយជះផេះទៅលើអាកាសដល់កម្ពស់៧.៥គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់ស៊ីនហួរ តាមសារទូរស័ព្ទ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានបញ្ជាក់ទៀតថាភ្នំភ្លើង Soputan បានផ្ទុះ២លើក គឺនៅម៉ោង៨៖៥៧នាទីព្រឹក ដោយជះផេះទៅលើអាកាស កម្ពស់៧.៥គីឡូម៉ែត្រ និងនៅម៉ោង ៧៖៤៣នាទី ជាមួយការបញ្ចេញផេះទៅលើអាកាស៧គីឡូម៉ែត្រ។ ប៉ុន្តែភ្លាមៗពុំទាន់មាន សេចក្ដីរាយការណ៍ពីមនុស្សស្លាប់ ឬការខូចខាតនៅឡើយទេ ខណៈអាជ្ញាធរបានបង្គាប់ឱ្យប្រជាជនរស់នៅក្បែរតំបន់ភ្នំភ្លើងនេះ ពាក់ម៉ាស់ និងមានការប្រុងប្រយ័ត្នខ្ពស់។

គួរបញ្ជាក់ថា Soputan គឺជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំង១២៩ ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសងាយ រគ្រោះនឹងផ្ទុះភ្នំភ្លើង និងរញ្ជួយដី ដោយសារតែមានទីតាំងភូមិសាស្ត្រស្ថិតនៅលើខ្សែក្រវាតភ្នំភ្លើងប៉ាស៊ីហ្វិក៕