(ប៉ារីស)៖ មនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងតំបន់ Ile-de-France ដែលនៅជុំវិញទីក្រុងប៉ារីស ភាគកណ្តាល​ប្រទេសបារាំងនាថ្ងៃសៅរចុងសប្តាហ៍នេះ ដែលជាសប្តាហ៍ទី៥នៃការធ្វើបាតុ​កម្ម​របស់​ក្រុមចលនាអាវកាក់​ពណ៌​​លឿង​។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបារាំង ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅ​​យប់ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

បាតុកម្មអាវកាក់ពណ៌លឿងនៅថ្ងៃសៅរ៍នេះ មានការចូលរួមពីក្រុមអ្នកតវ៉ាខ្ទង់ពាន់នាក់ ដោយ​ជាង១,០០០នាក់ ​មាន​វត្ត​មាននៅក្នុងទីក្រុងប៉ារីស។ ចំនួននេះត្រូវគេសង្កេតឃើញថា មានការធ្លាក់ចុះឆ្ងាយធៀបនឹងសប្តាហ៍មុនៗ ដែលមាន​អ្នក​ចូលរួមខ្ទង់សែននាក់នៅទូទាំង​ប្រទេស។ យ៉ាងណាមិញ ក៏នៅតែមានការប្រើឧស្ម័នបង្ហូរទឹកភ្នែក​និង​ប៉ះទង្គិចគ្នា​បន្តិចបន្តួច​ រវាង​ប៉ូលិសនិងក្រុម​បាតុករផងដែរ ប៉ុន្តែមើលទៅហាក់មានភាពស្ងប់ស្ងាត់ជាងសប្តាហ៍មុនៗ។

គួរជម្រាបថា ចលនាបាតុកម្មខាងលើ បានផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយដំបូងឡើយគឺមាន​គោលដៅត្រឹមប្រឆាំង​តវ៉ា​នឹង​ការ​ឡើងពន្ធ​លើ​ថ្លៃសាំង-ម៉ាស៊ូត ប៉ុណ្ណោះ ប៉ុន្តែវាបានប្រែក្លាយរហូតទៅ​ជាការ​ប្រឆាំង​នឹង​គោលនយោបាយរដ្ឋាភិបាល​បារាំងតែម្តង និងផ្ទុះជាអំពើហិង្សាទៀតផង ដែលបង្កឲ្យ​មានការឃាត់​ខ្លួន​បាតុករ​រាប់ពាន់នាក់កាលពីថ្ងៃសៅរ៍មុន៕