(ប៉ារីស)៖ នៅទីបំផុតមហាបាតុកម្មប្រឆាំងតម្លៃប្រេង-សាំង និងពន្ធដារកើនឡើង​នៅ​ប្រទេសបារាំង ចាប់ផ្តើមជាលើកទី៥ហើយនៅថ្ងៃសៅរ៍នេះ ដោយក្រុមចលនាអាវកាក់ពណ៌លឿង​បានអះអាងថា ក្រុមចលនា​មានគ្នីគ្នាសរុបជាង ១០០,០០០នាក់ បានស្ម័គ្រចិត្តចូលរួម​បាតុកម្ម​នៅចុងសប្តាហ៍នេះ ដើម្បីប្រកាសទាមទារ​ឲ្យប្រធានាធិបតី​ ម៉ាក្រុង ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន RT នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

បើតាម​បណ្តាញសង្គម Facebook នៅប្រទេស​បារាំង ដែលកំពុង​តែផុសផុលខ្លាំង​ក្នុងចលនា​អំពាវនាវឲ្យប្រមូលផ្តុំគ្នា​នោះ ក្រុមចលនា​អាវកាក់ពណ៌លឿងកំពុងចាប់ផ្តើម​ដង្ហែរក្បួននៅ​វិថី Champs-Élysées ក្នុងរដ្ឋធានី​ប៉ារីស។ យ៉ាង​ហោចណាស់​ក៏មានក្រុមធំ​ចំនួន ១៥ ដែរ​នៅក្នុង​បណ្តាញ​សង្គម Facebook ដែលបានបង្ហាញ​ជំហររបស់ពួកគេទៅ​កាន់​រដ្ឋាភិបាល​បារាំង ដោយពួកគេ​ទាំងនោះអះអាងថា នឹងបន្តការតវ៉ាទៅមុខ​ទៀត​រហូតដល់​ការទាមទារ​របស់ពួកគេ​គ្រប់ចំណុច ត្រូវបានរដ្ឋាភិបាល​បារាំងយល់ព្រម​។

គួរបញ្ជាក់ថា សាររួមរបស់​ក្រុមបាតុករអាវកាក់ពណ៌លឿង សម្រាប់​ទាមទារក្នុងមហាបាតុកម្ម​នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ​គឺ «ការប្រមូល​ផ្តុំដើម្បីយុត្តិធម៌សង្គម និងពន្ធដារសមស្រប, ប្រជាធិបតេយ្យ​ពិតប្រាកដ, សិទ្ធិ​ស្មើភាព និងការផ្លាស់ប្តូរ​ជារួមដ៏ពិតប្រាកដ​មួយ និងទាមទារឲ្យប្រធានាធិបតី ម៉ាក្រុង ចុះចេញពីតំណែង៕