(កៀវ)៖ អតីត​ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំប្រទេស​អ៊ុយក្រែន លោក ចន ហ៊ឺបត៍ (John Herbst) បានបញ្ជាក់​កាលពីពេល​ថ្មីៗនេះថា មូលហេតុ​ដែលសហរដ្ឋអាមេរិក​​ដឹកនាំ​ការ​ដាក់ទណ្ឌកម្ម​ជាបន្តបន្ទាប់លើ​ប្រទេសរុស្ស៊ី​នោះ ក៏ព្រោះតែ​មហា​អំណាចលេខ ១ លើ​លោក​មួយនេះ មិនចង់ឲ្យរុស្ស៊ី​មានកងទ័ព​ជើងគោក និងជើងទឹក​កាន់តែខ្លាំងក្លា​នោះឡើយ។ នេះបើតាម​ការដកស្រង់ការផ្សាយពី Sputnik នារសៀលថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងកិច្ច​សម្ភាសន៍តាមកញ្ចក់​ទូរទស្សន៍​អ៊ុយក្រែន ព្រីយ៉ាម៉ូយ (Pryamoi) កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍នេះ​លោក John Herbst ដែលធ្លាប់កាន់​តំណែង​ជាអគ្គរដ្ឋ​ទូតអាមេរិក ប្រចាំ​ប្រទេសអ៊ុយក្រែន​ពីចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ បាន​បញ្ជាក់ថា «យើង​ចង់ឲ្យ​សេដ្ឋកិច្ចពួកគេ (រុស្ស៊ី) កាន់តែទន់ខ្សោយ ពីព្រោះបើពួកគេមានសេដ្ឋកិច្ចខ្លាំង នោះពួកគេ​នឹងអាច​ផ្គត់ផ្គង់​វិស័យយោធាដ៏ខ្លាំងក្លាមួយ...។ យើងមិនចង់ឲ្យរដ្ឋដ៏គគ្លើនមួយ​មាន​កងទ័ពជើង​គោក ឬក៏ជើងទឹក​ខ្លាំងក្លា​នោះឡើយ...។ ហេតុដូច្នេះ​ទណ្ឌកម្មត្រូវ​តែដាក់ចេញ ដើម្បី​ការពារផល​ប្រយោជន៍​របស់យើង (អាមេរិក)។»

គួរបញ្ជាក់ថា ការលើក​ឡើងរបស់អតីតអគ្គរដ្ឋទូត​អាមេរិកខាង​លើនេះ បានកើត​មាន​ឡើង​បន្ទាប់ពី​របាយការណ៍​រសើបមួយ ត្រូវបានចេញផ្សាយដោយ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​បង្ហាញថា រុស្ស៊ីបានខាតបង់សេដ្ឋកិច្ចអស់ ១ភាគរយ​ក្នុងមួយឆ្នាំៗ ដោយសារ​តែ​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ឬសម្ព័ន្ធមិត្ត។ បន្ថែមពី​នេះ​ជម្លោះ​ជាថ្មី​រវាង​អ៊ុយក្រែន និងរុស្ស៊ីនៅ​ច្រកសមុទ្រ​ឃើច (Kerch) ក្បែរតំបន់​គ្រីមានាចុងឆ្នាំ២០១៨នេះ ក៏នឹង​ក្លាយជាឱកាសដែល​អាមេរិក និង​សហភាព​អឺរ៉ុប គិតគូរ​បន្ថែមទណ្ឌកម្ម​ធ្ងន់ធ្ងរជាងមុនទៀតលើរុស្ស៊ី​ផងដែរ៕