(វ៉ាស៊ីនតោន)៖ ខណៈស្ថានការណ៍​នៃកិច្ចចរចាអំពី​បញ្ហាអាវុធនុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង ហាក់មើលទៅដូច​ជា​មិន​មាន​​វឌ្ឍនភាពអ្វីគួរឲ្យកត់សម្គាល់នោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នាថ្ងៃសុក្រសប្តាហ៍​នេះ​​ថា ​រដ្ឋាភិបាលរបស់លោកមិនប្រញាប់ប្រញាល់ទៅណាឡើយជុំវិញបញ្ហានេះ។ នេះបើតាមការដកស្រង់ការ​ផ្សាយ​ចេញ​​ពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Twitter យ៉ាងដូច្នេះថា «មនុស្សជាច្រើនបានសួរថា តើស្ថានការណ៍យ៉ាង​ម៉េច​ហើយពាក់ព័ន្ធកិច្ចខិតខំចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ហើយខ្ញុំតែងឆ្លើយតបវិញថា ពួកយើងមិនប្រញាប់​រួសរាន់​ទៅ​ណានោះទេ»

គួរជម្រាបថា ​កិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តកាលពីខែមិថុនាកន្លងទៅ រវាង​លោក ត្រាំ និង​ប្រមុខដឹកនាំ​​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ​បានបើកផ្លូវឲ្យមានកិច្ចសន្ទនាចរចា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ​​ចេញពីតំបន់ឧបទ្វីបកូរ៉េ រវាង​ប្រទេសទាំងពីរ ក្រោយការគំរាមកំហែង​អំពីសកម្មភាពយោធាដាក់គ្នាទៅវិញទៅមកអស់រាប់ខែ។ ​កិច្ចប្រជុំកំពូល​លើក​ទីពីររវាង​លោក ត្រាំ និង លោក គីម ត្រូវគេរំពឹងថា នឹងអាចលេចឡើងនៅឆ្នាំក្រោយ៕