(វ៉ាស៊ីនតោន)៖ កាណាដា​កំពុង​ត្រៀមរៀបចំ​បាញ់បង្ហោះ​ផ្កាយរណប​មួយក្រុម ដែលមាន​០៣គ្រឿង ដើម្បី​តាមដាន​​កប៉ាល់​នៅក្បែរទឹកដី​របស់ខ្លួន ព្រមទាំង​នាវានានា​នៅតាមទីតាំង​ជុំវិញពិភពលោក ដែល​ទីក្រុងអូតូវ៉ា​ធ្វើប្រតិបត្តិការ​យោធា​ជាមួយបណ្តាប្រទេស​ដែលជា​សម្ព័ន្ធមិត្ត។ នេះបើតាមដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ក្រសួងការពារជាតិ​កាណាដាបានប្រកាស​ឲ្យដឹងថា ​ផ្កាយរណបទាំង​០៣គ្រឿង នឹងលើកកម្ពស់​សមត្ថភាព​តាម​ដាន​កប៉ាល់ និងផ្តល់ការអង្កេត​បានប្រសើរជាងមុន​លើ​ទឹកដី​របស់កាណាដា ព្រមទាំង​នៅតាម​ទីតាំង​ជាប្រយោជន៍​​ឯទៀតៗ​ នៅជុំវិញ​ពិភពលោក ដែលយោធាកាណាដា និងសម្ព័ន្ធ​ធ្វើប្រតិបត្តិការ។

គួរជម្រាបថា បន្ថែមពីលើការ​បាញ់បង្ហោះក្រុមផ្កាយរណប​ខាងលើ កាណាដានឹង​បោះទុនវិនិយោគ​​​ថវិកា ​៦.៧លាន​ដុល្លារ ទៅក្នុងគម្រោង​ស្រាវជ្រាវចំនួន ១២ ដើម្បីអភិវឌ្ឍន៍​បច្ចេកវិទ្យាអង្កេតផែនដីថ្មីៗ ដែលជួយដល់​​ការងារ​អង្កេតការណ៍​៕