(បារាំង)៖ មិនមែន​ជា​ពេលដើរកម្សាន្ត​​នាចុងសប្តាហ៍នេះ​​ឡើយ​សម្រាប់​ប្រជាជន និងអ្នក​ចង់ទៅលំហែកាយ​នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយក្រុមចលនា​អាវកាក់ពណ៌​លឿង បាននិងកំពុង​ត្រៀមខ្លួនរួចទៅ​ហើយ ដើម្បីបង្កមហាបាតុកម្ម​ក្នុងសប្តាហ៍ទី ៥ ហើយ​លើកនេះ​​ពួកគេក៏មានគោលដៅ ទាមទារឲ្យប្រធានាធិបតី​បារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ចុះចេញ​ពី​តំណែង។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​​ព័ត៌មាន RT នាព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

បើតាម​បណ្តាញសង្គម Facebook នៅប្រទេស​បារាំង ដែលកំពុង​តែផុសផុលខ្លាំង​ក្នុងចលនា​អំពាវនាវឲ្យប្រមូលផ្តុំគ្នា​នោះ ក្រុមចលនា​អាវកាក់ពណ៌លឿង​បាន​សន្យាថា ពួកគេនឹងប្រមូល​ផ្តុំកម្លាំង​រហូតដល់ ១០០,០០០នាក់ ហើយចាប់ផ្តើម​ដង្ហែរក្បួននៅ​វិថី Champs-Élysées ក្នុងរដ្ឋធានី​ប៉ារីស។ យ៉ាង​ហោចណាស់​ក៏មានក្រុមធំ​ចំនួន ១៥ ដែរ​នៅក្នុង​បណ្តាញ​សង្គម Facebook ដែលបានបង្ហាញ​ជំហររបស់ពួកគេទៅ​កាន់​រដ្ឋាភិបាល​បារាំង ដោយពួកគេ​ទាំងនោះអះអាងថា នឹងបន្តការតវ៉ាទៅមុខ​ទៀត​រហូតដល់​ការទាមទារ​របស់ពួកគេ​គ្រប់ចំណុច ត្រូវបានរដ្ឋាភិបាល​បារាំងយល់ព្រម​។

គួរបញ្ជាក់ថា សាររួមរបស់​ក្រុមបាតុករអាវកាក់ពណ៌លឿង សម្រាប់​ទាមទារក្នុងមហាបាតុកម្ម​នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ​គឺ «ការប្រមូល​ផ្តុំដើម្បីយុត្តិធម៌សង្គម និងពន្ធដារសមស្រប, ប្រជាធិបតេយ្យ​ពិតប្រាកដ, សិទ្ធិ​ស្មើភាព និងការផ្លាស់ប្តូរ​ជារួមដ៏ពិតប្រាកដ​មួយ»។ ទោះបី​ជាលោក ម៉ាក្រុង បានធ្វើជារឿង​ជាច្រើន​មកហើយ​ក៏ដោយ ដូចជា​ការកាត់បន្ថយពន្ធ ប្រេង-សាំង និងការលើកលែងការបង់ពន្ធ​ចំពោះអ្នកមាន​ប្រាក់ខែទាប ក៏​ក្រុមបាតុករ​នៅតែមិន​សុខចិត្តដដែល ហើយពួកគេមួយចំនួនកំពុងទាមទារឲ្យ​លោក ម៉ាក្រុង ចុះចេញពី​តំណែងផងដែរ៕