(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នឹងធ្វើការទាមទារ​ទឹក​ប្រាក់ចំនួន ៣៣១លានដុល្លារ ដើម្បីជាការតបស្នងថវិកាពេញ​ថ្លៃពី​សំណាក់​អេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត សម្រាប់​ការផ្តល់សេវាចាក់សាំង និងថ្លៃសាំង ដែលទីក្រុងវ៉ាស៊ីនតោន​​បានផ្គត់ផ្គង់ឲ្យ​កងយន្តហោះ​របស់​ក្រុមយោធាចម្រុះ​ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នេះបើ​តាមការដកស្រង់​ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

គណៈកម្មាធិការទទួល​បន្ទុកវិស័យយោធា​ នៃព្រឹទ្ធសភា​អាមេរិក​បានប្រកាស​ឲ្យដឹងថា ក្រសួងការពារជាតិ​អាមេរិក​ឥឡូវនេះ នឹងត្រូវទាមទារ​លុយ​ចំនួន ៣៣១លានដុល្លារ ដែល​ប្រជាជន​អាមេរិក​​បានចំណាយ​ តាមរយៈការបង់ពន្ធ​នា​​ពេលកន្លងមក ពី​ក្រុមយោធា​ចម្រុះអារ៉ាប់ (SLC) យក​មកវិញ។

គួរជម្រាបថា នាសប្តាហ៍នេះ​ព្រឹទ្ធសភាអាមេរិកក៏បានបោះឆ្នោត​សម្រេច បញ្ចប់​ការជួយជ្រោមជ្រែងផ្នែកយោធា​​របស់​អាមេរិក ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងសង្រ្គាម​ប្រទេសយេម៉ែន​ផងដែរ៕