(កូឡុំប៊ី)៖ ពាក់ព័ន្ធការចល័ត​ក្បួនយន្តហោះទម្លាក់គ្រាប់បែក Tu-160 របស់រុស្ស៊ី​ទៅកាន់​វេណេស៊ុយអេឡា ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​​​ប្រចាំ​​​​កូឡុំ​ប៊ី​​លោក ខេវិន វ៉ៃថេឃើ (Kevin Whitaker) បានចាត់ទុកប្រភេទ​យន្តហោះទម្លាក់គ្រាប់បែក​នេះថា ជាវត្ថុដែល​សមនឹង​តាំង​នៅឯសារមន្ទីរ ​ពោលគឺមិនគួរឲ្យមកហោះហើរដូច្នេះ​ឡើយ។ នេះបើ​តាមការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌​មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

​លោក Whitaker បាននិយាយដូច្នេះថា «យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុន Tu-160 ចំនួន០២គ្រឿង ដែលបានទៅ​ដល់​វេណេស៊ុយអេឡាថ្មីៗនេះ គឺពុំមានជា​សកម្មភាពបង្ក​រឿងឡើយ ដោយសារតែ​យន្តហោះ​ចាស់ៗ​បែបនេះ តាមពិត​ទៅគឺជារបស់​ដែលគួរដាក់តាំង​នៅសារមន្ទីរ​ឯណោះទេ»។ បើតាមលោក​ឯកអគ្គរដ្ឋទូតអាមេរិក តាមរយៈការ​បញ្ជូនយន្ត​ទម្លាក់​គ្រាប់ Tu-160 ទៅកាន់​វេណេស៊ុយជាថ្មី​ម្តងទៀត ​ក៏អាចជាការចង់​បង្ហាញ​អត្ថន័យ​ម៉្យាង​ផងដែរ​​របស់រុស្ស៊ី ប៉ុន្តែ​លោកមិន​​បានបញ្ជាក់ច្បាស់ថា ជាអ្វីឲ្យប្រាកដ​ឡើយ។

គួរជម្រាបថា ការទៅដល់នៃ​​ក្បួនយន្តហោះទម្លាក់​គ្រាប់បែក Tu-160 នៅវេណេស៊ុយ កាលពីថ្ងៃទី១០ ខែធ្នូ បាន​បង្កឲ្យ​ផ្ទុះការរិះគន់​តវ៉ា​ពីសំណាក់​សហរដ្ឋអាមេរិក និងកូឡុំប៊ី​ដែលជាអ្នកជិតក្បែរ ប៉ុន្តែក្រសួង​ការបរទេសរុស្ស៊ី​បានធានា​អះ​អាងថា យន្តហោះ​ទាំងនេះ​ពុំមានបំពាក់អាវុធ​នុយក្លេអ៊ែរមកជា​មួយឡើយ ហើយនា​ថ្ងៃសៅរ៍នេះ​ បានវិលត្រឡប់​​ទៅ​​រុស្ស៊ីវិញ​ហើយ។

យន្តហោះ Tu-160 របស់​ក្រុមហ៊ុនរុស្ស៊ី ទូប៉ូឡេវ (Tupolev) មាន​រហស្សនាមថា «ក្ងានស» ដោយសារតែប្រវែងស្លាប៥៥ម៉ែត្រដ៏ធំ​និងវែងរបស់វា។ យន្តហោះនេះគឺជា​យន្តហោះ​ទម្លាក់​គ្រាប់បែកបែបយុទ្ធសាស្រ្ត មានល្បឿនលឿន​ជាងសំឡេង​ដែល​​ត្រូវបាន​អភិវឌ្ឍន៍​កាលពីដើមទសវត្សរ៍​ ១៩៨០ និងដាក់ឲ្យធ្វើប្រតិបត្តិការ​ជាលើកដំបូងនៅឆ្នាំ​១៩៨៧។

យន្តហោះ Tu-160 មានសមត្ថភាព​បង្កើនល្បឿនលឿនជាងល្បឿន​សំឡេង ២ដង និងហោះហើរ​បានរហូតដល់​​ចម្ងាយ ១២,៣០០គីឡូម៉ែត្រ​ ពុំចាំបាច់ត្រូវការចាក់​សាំងម្តងទៀតឡើយ។ Tu-160 ក៏អាច​បំពាក់​មីស៊ីលប្រដេញ​​​ចម្ងាយឆ្ងាយ រ៉ាឌូងហ្គា (Raduga) ចំនួន ០៦គ្រាប់ ឬមីស៊ីល​នុយក្លេអ៊ែរចម្ងាយខ្លី Kh-15 បាន ១២គ្រាប់ផងដែរ។

នៅឆ្នាំ២០០៥ យន្តហោះ​ទម្លាក់គ្រាប់ Tu-160 បានទទួលការធ្វើបច្ចុប្បន្នភាព​ទ្រង់ទ្រាយធំ​ដោយ​ត្រឹម​តែ​ត្រូវបាន​ផ្លាស់​ប្តូរ​ម៉ាស៊ីន និងប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះទេ តែថែមទាំងត្រូវ​បំពាក់ស្រទាប់​ស្រោបថ្មី ដែលយោងទៅ​លើ​បច្ចេកវិទ្យា​​បំបាំង​កាយ​ទៀតផង៕