(កង់ប៊ែរ៉ា)៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) បានថ្លែង​នៅថ្ងៃសៅរ៍​នេះថា ប្រទេសអូស្ត្រាលីនឹង​ទទួលស្គាល់ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានីស្រប​ច្បាប់របស់ប្រទេស​អ៊ីស្រាអែល ហើយការ​សម្រេច​ចិត្ត​បែបនេះកើតមាន​ឡើងតែពីរខែ​ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រី​ទើបកាន់អំណាចរូបនេះ​បានប្រកាសថា លោក​ស្វាគមន៍ចំពោះ​​គំនិតទទួលស្គាល់​ហ្សេរុយសាឡឹម ជារបស់​អ៊ីស្រាអែល។ នេះបើតាម​ការចេញផ្សាយ​ដោយ ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ទោះបីជាបែបនេះ​ក្តី​លោក ម៉ូរីសុន នៅតែ​អះអាង​ថា លោកគាំទ្រចំពោះ​ការទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន​ជាមួយនិងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី ​នៅថ្ងៃអនាគត។ ការត្រៀម​ប្រកាស​ទទួល​ស្គាល់​​ហ្សេរុយសាឡឹម (ហ្សេរុយសាឡឹមខាងលិច) ជារដ្ឋធានី​អ៊ីស្រាអែល​នាពេលខាងមុខនេះ មិនមែនមានន័យ​ថាអូស្ត្រាលីនឹងត្រូវ​រើស្ថានទូត​ទៅកាន់ទីនោះ​តាមសហរដ្ឋអាមេរិក​នោះឡើយ ដោយអូស្ត្រាលី​នឹងរក្សាស្ថានទូត​របស់ខ្លួន​នៅទីក្រុង​តែលអាវីវ​ដដែល លុះត្រាណាតែ​មានកិច្ចព្រមព្រៀង​សន្តិភាពរវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន​កើតឡើងជាមុនសិន។

គួរបញ្ជាក់ថា ការសម្រេចចិត្ត​របស់អូស្ត្រាលីខាង​លើនេះ បានកើតមាន​ឡើងនៅរយៈ​ពេលជិត​មួយឆ្នាំ បន្ទាប់ពីរដ្ឋបាល​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាស​ទទួលស្គាល់​ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់​អ៊ីស្រាអែល និងបាន​​រើស្ថានទូត​អាមេរិក​ពីតែលអាវីវ ទៅកាន់ហ្សេរុយសាឡឹម នៅរយៈពេល​ប៉ុន្មានខែបន្ទាប់ បើទោះបី​ជាត្រូវរងការផ្ទុះបាតុកម្មពីសំណាក់ជនជាតិ​ប៉ាឡេស្ទីន នៅតាមព្រំដែន​អ៊ីស្រាអែល ដែលបានបណ្តាល​ឲ្យមនុស្សស្លាប់ និងរងរបួស​រាប់ពាន់នាក់​ក៏ដោយ៕