(ស្រីលង្កា)៖ លោក Mahinda Rajapaksa ត្រូវកូនប្រុសរបស់ខ្លួនបង្ហើបឲ្យដឹងនាថ្ងៃសុក្រនេះថា នឹងលាលែងពីតំណែង​ជានាយករដ្ឋមន្រ្តីស្រីលង្កា ដើម្បីបញ្ចប់វិបត្តិនយោបាយ ដែលកំពុងបង្កបញ្ហាខ្លាំងនៅក្នុងប្រទេស។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅយប់ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

​កូនប្រុសរបស់លោក Rajapaksa គឺលោក Namal Rajapaksa ​ដែលមានតួនាទីជាសមាជិកសភាមួយរូបផងដែរនោះ បានប្រកាសថា ឪពុករបស់ខ្លួននឹងចុះចេញពីតំណែងនៅថ្ងៃសៅរ៍ស្អែកនេះ ដើម្បីធានាស្ថិរភាពរបស់ប្រទេស។ កាល​ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការកំពូលស្រីលង្កា បានបង្គាប់ថាលោក Rajapaksa មិនគួរប្រើអំណាច​ជានា​យក​រដ្ឋ​មន្រ្តី ដែលលោកទទួលបាន​ក្រោមភាពចម្រូងចម្រាស កាលពីថ្ងៃទី២៦ ខែតុលា នោះឡើយ។

គួរជម្រាបថា វិបត្តិនយោបាយ​ដែលបានអូសបន្លាយរាប់សប្តាហ៍នេះ​ បានផ្ទុះឡើងកាលពីតុលាកន្លងទៅ នៅពេល​​ដែល​ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានសម្រេចរំលាយសភាដើម្បីទម្លាក់​​​​នាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe ហើយតែងតាំងលោក Rajapaksa ដែលជាអតីតបុរសខ្លាំង​​នៃស្រីលង្កាឲ្យឡើងជំនួសវិញ៕