(ប៉េកាំង)៖ ក្រសួងការបរទេសចិន​បានប្រកាសនាថ្ងៃសុក្រនេះថា រដ្ឋាភិបាលប៉េកាំងនឹង​​ផ្អាកការដំឡើងពន្ធ​បន្ថែម​លើ​​រថយន្តព្រមទាំងគ្រឿង​បន្លាស់របស់សហរដ្ឋអាមេរិក សម្រាប់រយៈពេល០៣ខែ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានចិន CGTN នៅយប់ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសចិន ចាប់ពីថ្ងៃទី០១ ខែមករា ​រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ចិននឹងផ្អាកការយកពន្ធ​ក្នុងអត្រា២៥ភាគរយ លើ​រថយន្តព្រមទាំងគ្រឿងបន្លាស់​នាំចូលពីអាមេរិក​សរុបចំនួន១៤៤ ហើយទីក្រុងប៉េកាំងសង្ឃឹមថា​ប្រទេសទាំងពីរ នឹងអាចពន្លឿនកិច្ចចរចាដើម្បីលុបចោលទាំងស្រុង​ នូវ​រាល់ការដំឡើង​ពន្ធ​​បន្ថែម​​​លើទំនិញគ្នាទៅវិញទៅមក។

គួរជម្រាបថា សេចក្តីប្រកាសខាងលើកើតមានឡើង បន្ទាប់ពី​ប្រធានាធិបតីអាមេរិក និង​ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានព្រមព្រៀងគ្នា​បន្ធូរបន្ថយភាពតានតឹង​​នៃសង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ កាលពីអំឡុង​​ជំនួប​ក្រៅ​ផ្លូវ​ការមួយ នាឱកាសនៃការចូលរួម​កិច្ចប្រជុំកំពូល G20 ដែលបានប្រព្រឹត្តទៅនៅអាហ្សង់ទីននាដើមខែនេះ៕