(អាមេរិក)៖ តើអ្នកទាំងអស់គ្នាដឹងទេថា ក្រៅពី​កាមេរ៉ា JunoCam យានអវកាស Juno នៃទីភ្នាក់ងារ​អវកាស​អាមេរិក NASA ក៏មានកាមេរ៉ា​មួយទៀត​ផងដែរ ដែលបានផ្តិត​យករូបភាព​លក្ខណៈ​សខ្មៅអស្ចារ្យ​ជាច្រើន នៃ​ខ្សែក្រវាត់​​ដែល​បង្ហាញ​ខ្លួន​ស្ទង់ៗ​រួមទាំង​បាតុភូត​ពន្លឺអ៊ូរ៉ូរ៉ា រន្ទះ និងផ្នែកងងឹតរបស់ភពព្រហស្បតិ៍ (Jupiter) មិន​ចាញ់​រូប​ភាព​ដែល​​បាន​មក​ពី JunoCam នោះ​ឡើយ​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

កាមេរ៉ានោះ​មាន​ឈ្មោះថា Stellar Reference Unit ឬ SRU ដែលជាកាមេរ៉ា​ជួយនាំផ្លូវ​ហោះហើរ។ តួនាទី​ចម្បង​​របស់​កាមេរ៉ា​នេះ គឺឆ្លុះទម្លុះ​ការរំខាន​ផ្សេង​ៗ​​ដែលបង្កឡើងដោយ​រលកវិទ្យុ​សកម្មដ៏ខ្លាំងក្លា ដែល​នៅជុំវិញ Jupiter ដើម្បី​រក​មើលផ្កាយ​ហើយប្រៀប​ធៀបពួក​វាទៅនឹង​​សំណុំទិន្នន័យមួយ សំដៅកំណត់​ទីតាំងជាក់លាក់​របស់យាន Juno ក្នុង​អំឡុង​​នៃ​ការគោចរ​ទៅមកៗ​រយៈពេល ៥៣ថ្ងៃ​ នៅជុំវិញ​ភពឧស្ម័ន​យក្ស​នេះ។

នាអំឡុងការ​ហោះឆ្វែលភពព្រហស្បតិ៍​​ជាលើកទីមួយ​ កាលពីខែសីហា ឆ្នាំ២០១៦ កាមេរ៉ា SRU របស់ Juno បានផ្តិត​យក​រូប​ភាព​​​ដំបូង​​បំផុត​នៃវត្តមាន​ខ្សែក្រវាត់​របស់ភពនេះ​ពីចំហៀងខាងក្នុង។ ក្រៅពីនោះ​ក៏មានវត្តមានក្រុម​ផ្កាយ Orion's Belt ដែលជា​​ផ្កាយ​០៣នៅត្រង់ជួរគ្នា និងផ្កាយ​ដ៏ភ្លឺចែង​ចាំង Betelgeuse ផងដែរ។

ចំណែកក្នុង​ការហោះឆ្វែល​លើកទី ១១ កាមេរ៉ា SRU បានផ្តិត​យករូបភាព​នៃតំបន់ងងឹង​របស់ភព​ព្រហស្បតិ៍ នៅចម្ងាយ​​​ជាង ១០ម៉ឺនគីឡូម៉ែត្រ។ ជាមួយគ្នានេះ ​ក្រុមអ្នកស្រាវជ្រាវក៏បានប្រទះឃើញ​ចំណុច​តូចៗ​ភ្លឺចំនួន០២ ដែលជារន្ទះ​​ថែម​ទៀតផង។ លើសពីនេះ​ទៀត កាមេរ៉ា SRU ក៏បានបញ្ជូនរូបភាព​នៅកៀកនៃ​បាតុភូត​ពន្លឺអ៊ូរ៉ូរ៉ា​ប៉ូលខាងជើង ដែលនៅពី​តំបន់​ងងឹត​​នៃភពព្រហស្បតិ៍​ផងដែរ។

គួរជម្រាបថា យាន​អវកាស Juno តម្លៃ​ ១.‌១ពាន់លានដុល្លារ ត្រូវបានបាញ់​បង្ហោះឆ្ពោះទៅកាន់​ភពព្រហស្បតិ៍​ កាលពី​ខែ​សីហា ឆ្នាំ២០១១។ វាបានទៅដល់​គន្លងនៃភពព្រហស្បតិ៍​​​នៅខែកក្កដា ឆ្នាំ២០១៦។ រហូតមក​ទល់ពេលនេះ Juno បាន​ធ្វើការសិក្សាស្រាវជ្រាវ​​ពី​ផ្ទៃខាងក្នុង ពីលំអាន​នៃដុំពពក និងអាកាសធាតុ ដែនម៉ាញេទិច រួម​ជាមួយ​អ្វីៗជាច្រើន​ទៀត​​​របស់ Jupiter៕