(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស​លោក ថូនី ប្ល៊ែរ (Tony Blair) នឹងថ្លែងសុន្ទរកថាមួយ​នៅថ្ងៃសុក្រនេះ ដោយជម្រុញឲ្យចក្រភពអង់គ្លេស និងសហភាព​អឺរ៉ុប រៀបចំការបោះឆ្នោត​ប្រជាមតិជាលើក​ទី ២ ស្ដីពីការចាកចេញ​ពីសហភាពអឺរ៉ុប (EU) ឬ Brexit ពីព្រោះសភា​អង់គ្លេសអាច​នឹ​បរាជ័យ ​ក្នុងការស្វែងរកការ​ឯកភាពគ្នាជុំវិញ​កិច្ចព្រមព្រៀង​​ លើការលែងលះ​ជាមួយ EU។ នេះបើតាម​សេចក្ដីព្រាង​សុន្ទរកថា ដកស្រង់​ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមសេចក្ដីព្រាងសុន្ទរកថាមួយ​ក្នុងទីក្រុងឡុងដ៍ លោក Tony Blair គូសបញ្ជាក់​ដូច្នេះថា «បច្ចុប្បន្ន...គឺជាពេល​ដែលត្រូវសម្រេច​ឱ្យបាន នូវកិច្ចព្រមព្រៀង ឬក៏ជម្រើសមួយ​លើការបោះឆ្នោត​ប្រជាមតិ។ ពោលគឺអឺរ៉ុបចង់​ប្រាកដថាបើ អង់គ្លេសត្រៀម​ខ្លួនពិចារណាឡើងវិញ នោះអឺរ៉ុបក៏អាច​ពិចារណាឡើងវិញ​ផងដែរ ខណៈប្រជាជន​អង់គ្លេស​ទាំងមូល ចង់​ឱ្យបញ្ហាទាំងឡាយ​ត្រូវបាន​ដោះស្រាយ»

គួរបញ្ជាក់ថា លោក Tony Blair គឺជាអតីត​នាយករដ្ឋមន្ត្រីអង់គ្លេស​មកពីគណបក្សពលករ​ ដែលបានកាន់​អំណាចពី​​ឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧។ ដោយឡែក​បើតាមការ​គ្រោងទុក អង់គ្លេសនឹង​ត្រូវចាកចេញពី​សហភាពអឺរ៉ុបនៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ទោះបី​ជាបែបនេះក្តី អ្នកវិភាគ​អឺរ៉ុបជាច្រើនមើល​ឃើញថា អ្វីៗប្រហែល​​ជាមិនកើតឡើង​ទៅតាម​ពេលគ្រោងទុក​នោះឡើយ៕