(ប៉ារីស)៖ ក្រោយចំណាយ​ពេលអស់ប៉ុន្មានថ្ងៃ នៅទីបំផុតប៉ូលិស​បារាំងបានបាញ់សម្លាប់​ខ្មាន់កំាភ្លើងម្នាក់ ដែលបាន​រត់គេច ខ្លួនបន្ទាប់ពីបានបាញ់​សម្លាប់មនុស្ស ០៣នាក់​នៅឯផ្សារគ្រីស្មាក់ (Christmas) ដ៏មានប្រជាប្រិយភាព​មួយក្នុង​ទីក្រុងស្ត្រាសបក (Strasbourg) នោះឡើយ។ នេះ​បើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមរដ្ឋមន្ត្រី​មហាផ្ទៃបារាំង​លោក គ្រីស្តូប ខាស្ទែណែ (Christophe Castaner) ប៉ូលិសបារាំង​នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបាញ់​សម្លាប់ជន​ឈ្មោះ ឈែរីហ្វ ឆេខាត (Cherif Chekatt) ដោយសារតែរូបគេ​បានបាញ់តដៃ​ជាមួយប៉ូលិស នៅក្បែរតំបន់ ណែដហ្វ (Neudorf)។ ប៉ូលិសច្រើន​ជាង ៧០០នាក់ បានតាមប្រម៉ាញ់​ជនសង្ស័យវ័យ ២៩ឆ្នាំរូបនេះ និងអ្នករស់​នៅក្នុងទីក្រុង Strasbourg ចាប់តាំងពី​រូបគេបាន រត់គេចខ្លួនក្រោយបាញ់​សម្លាប់មនុស្ស ០៣នាក់​កាលពីយប់​ថ្ងៃអង្គារសប្តាហ៍នេះ។

បើតាមការបញ្ជាក់ពីលោក Castaner ផ្សារ Christmas ក្នុង​ទីក្រុង Strasbourg នឹងត្រូវបើកដំណើរការឡើងវិញនៅ​ថ្ងៃសុក្រនេះ ស្របពេល​ប្រធានាធិបតីបារាំង​លោក ម៉ាក្រុង ក៏បាន​សម្ដែងមរណៈទុក្ខ​ដល់សាច់ញាតិ​គ្រួសារជនរងគ្រោះ​ផងដែរ។

គួរបញ្ជាក់ថា បុរសឈ្មោះ Cherif Chekatt ត្រូវបានប្រព័ន្ធ​ផ្សព្វផ្សាយ ISIS អះអាងថា ជាអ្នកប្រយុទ្ធ​របស់ខ្លួនដែលបានដឹកនាំ​ការវាយប្រហារ ប្រឆាំង​នឹងប្រជាជននៃ​បណ្ដាប្រទេស ដែលបាន​និងកំពុងចូលរួមក្នុងប្រតិបត្តិការ​យោធាដឹកនាំ ដោយសហរដ្ឋអាមេរិក​នៅក្នុងប្រទេស​ស៊ីរី៕