(ម៉ានីល)៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​បង្គាប់ឲ្យ​ស្ថាប័នរដ្ឋាភិបាល​ទាំងអស់ចៀសវាងការ​ប្រើ​ប្រាស់រថយន្តប្រណិត​ទំនើបៗ ហើយ​បន្តប្រើ​យាន​ជំនិះដែល​ធូរថ្លៃ ស៊ីសាំងតិច និង​ពុំសូវប៉ះពាល់​ដល់បរិស្ថាន ដើម្បី​បង្ហាញថា​រដ្ឋាភិបាលរបស់លោក មិនខ្ជះខ្ជាយក្នុងការ​ប្រើ​ប្រាស់​មូលនិធិរដ្ឋ​នោះឡើយ។​ នេះបើតាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់​ងារ​​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃចន្ទ​សប្តាហ៍មុន​លោក ឌូតឺតេ បានចុះហត្ថលេខា​លើ​បទបញ្ជាលេខ ១៤ ដែលរៀបរាប់​លម្អិត​អំពី​​បទបញ្ញតិ​នៃ​ការ​ទិញរថយន្ត​​របស់រដ្ឋាភិបាល ព្រមទាំងការ​ប្រកាន់យក​នូវប្រព័ន្ធបែប​ប្រមូលផ្តុំ នៃការទិញ​​យានយន្តទាំង​នោះ។ បទ​បញ្ជាលេខ ១៤ ត្រូវបាន​ដាក់ចេញ​ដើម្បីហាមប្រាម​ការ​ទិញ ក៏ដូចជាប្រើប្រាស់​​រថយន្ត​ទំនើប​ៗ ​នៅតាមគ្រប់​​ស្ថាប័ន​រដ្ឋាភិ​បាល រួមមានទាំង​សាជីវកម្ម​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ឬជាកម្មសិទ្ធិ​របស់រដ្ឋ​រួមជាមួយគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ក៏ដូចជាគ្រឹះស្ថានអប់រំ​ថ្នាក់ឧត្តមសិក្សា​របស់រដ្ឋ ព្រមទាំងអង្គភាព​រដ្ឋាភិបាលថ្នាក់​តំបន់​នានា។

ទន្ទឹមនឹងនេះ បទបញ្ជាខាងលើ​មិនត្រូវអនុវត្តន៍​ទៅលើ​យានយន្ត​ ដែលប្រើប្រាស់​សម្រាប់​ការរក្សាសន្តិសុខ​ឲ្យ​​​​ប្រធានា​ធិបតី និងអនុប្រធានាធិបតី​ហ្វីលីពីន រថយន្តដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​បរទេស ឬ​ស្ថាប័ន​អន្តរជាតិ រថយន្ត​ដែល​ប្រើប្រាស់​ដោយ​ឥស្សរជន​បរទេស​ដែលមកទស្សនកិច្ច​នៅហ្វីលីពីន និង​យានយន្តដែល​ទិញ​តាមរយៈមូលនិធិ​​បាន​មក​ពីកម្មវិធីជំនួយ​អភិវឌ្ឍន៍​​នោះឡើយ។​

ម៉្យាងវិញទៀត បទបញ្ជាលេខ ១៤ ក៏​តម្រូវឲ្យ​ស្ថាប័ន​រដ្ឋាភិបាល​ទាំងអស់ ជំរុញការទិញ​រថយន្តដែលប្រើប្រាស់ឥន្ទនៈ​​​​មិនសូវប៉ះពាល់ដល់​បរិស្ថាន ដូចជា​ជីវឥន្ទនៈ​ ឧស្ម័ន​ធម្មជាតិ ថាមពល​ពន្លឺព្រះអាទិត្យ (សូឡា) និងថាមពលអគ្គិសនី​​ជាដើម​ផងដែរ៕