(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបណ្តាញសង្គម YouTube បានឱ្យដឹងថា ខ្លួនបាន​លុបចោល Channel របស់អ្នកប្រើប្រាស់ជាង ១.៦៧លាន ដែលមាន​បញ្ហា​វីដេអូ ឥតបានការ (Spam), បោកប្រាស់ (Scams) និងវីដេអូប្រភេទក្លែងបន្លំ ដើម្បីទាក់អ្នកទស្សនាដទៃៗទៀត កាលពីត្រីមាសទី ៣ នៃឆ្នាំ២០១៨​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងរបាយការណ៍​តម្លាភាពរបស់ខ្លួន ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ក្រុមហ៊ុន YouTube បានឲ្យដឹងថា ៧៩.៦ភាគរយនៃ Channel ដែលត្រូវបានលុបចោល​គឺមានបញ្ហា​ វីដេអូ Spam, Scams និងមាតិកា​ក្លែងបន្លំ​រាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៨នេះ ខណៈ១២.៦ភាគរយ​ផ្សេងទៀត ត្រូវបានលុបចោល​ដោយសារបង្ហោះ​វីដេអូអក្រាត ឬ​រឿងអាសអាភាស។

លើសពីនេះទៅទៀត នៅក្នុងរយៈពេលដូចគ្នានេះ​ក្រុមហ៊ុន YouTube ក៏បាន​លុបចោល​ផងដែរ​វីដេអូជាង ៧.៨លាន ក្រោមហេតុផល​ដូចខាងលើ ហើយ ៨១ភាគរយ​នៃវីដេអូទាំងនេះ ត្រូវបានរកឃើញ​ដោយប្រព័ន្ធអង្កេតស្វ័យប្រវត្តិ រីឯ​៧៤.៥ភាគរយ​ នៃវីដេអូ​រកឃើញដោយប្រព័ន្ធអង្កេតស្វ័យប្រវត្តិនេះទៀតសោត មិន​ទាន់ត្រូវបានមើលឃើញ​ជាសាធារណៈ​ឡើយ (អាចថាបង្ហោះភ្លាមត្រូវកម្មវិធីអង្កេតរបស់ YouTube ចាប់បានភ្លាម និងបង្ខំឲ្យ​ម្ចាស់ Channel លុប​ចោល)។

គួរជម្រាបថា ក្រុមហ៊ុន YouTube ធ្លាប់បានចេញ​ផ្សាយជាលើកដំបូងថា ការបញ្ចេញ​មតិចំនួន ២២៤លាន ត្រូវបានលុបចោល​ដោយសារជា spam នៅក្នុងត្រីមាស​ទី ៣ នៃឆ្នាំ២០១នេះ ហើយ​៩៩.៥ភាគរយ​នៃការបញ្ចេញមតិ​ត្រូវបាន រកឃើញដោយ​ប្រព័ន្ធអង្កេតស្វ័យប្រវត្តិរបស់​ក្រុមហ៊ុនយក្ស​មួយនេះ៕