(វ៉ាស៊ីនតោន)៖ នៅទីបំផុត​ព្រឹទ្ធសភាអាមេរិក​បានអនុម័តជា​ឯកច្ឆ័ន្ទ លើដំណោះស្រាយ​មួយ ដោយអំពាវនាវឱ្យព្រះ​អង្គម្ចាស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ិន​សាល់ម៉ាន់ ឬគេស្គាល់ថា MBS ទទួលខុសត្រូវ​ចំពោះការស្លាប់​របស់​អ្នកសារព័ត៌មាន​​លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi)។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន RT នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមដំណោះស្រាយ​ខាងលើ ព្រឹទ្ធសភាអាមេរិក​ក៏បានស្នើផងដែរ​ឱ្យទីក្រុងរីយ៉ាដ ធានាទទួលខុសត្រូវ​ឱ្យបាន​សមស្រប នៅក្នុងសំណុំរឿងឃាតកម្មដ៏​រសើបនេះ។ មួយវិញទៀត​ដំណោះស្រាយនេះ ត្រូវបានអនុម័ត​ឡើងតែប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពីសមាជិក​ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​លើដំណោះស្រាយ​ដាច់ដោយឡែកមួយ​ទៀត ដោយអំពាវនាវឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ បញ្ឈប់ការ​ផ្ដល់ជំនួយ និងការគំាទ្រដល់​ប្រតិបត្តិការយោធា​របស់ក្រុមចំរុះ​អារ៉ាប់ ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេស​យ៉េមែន។ បន្ថែមពីលើនេះ​ព្រឹទ្ធសភាអាមេរិក​ចាត់ទុកថា ស្ថានភាពបច្ចុប្បន្ននៅ​ក្នុងប្រទេសយ៉េមែន គឺជាវិបត្តិ​មនុស្សជាតិ និងស្នើឱ្យគ្រប់ភាគី​ទាំងអស់ស្វែងរកបទ​ឈប់បាញ់​ជាបន្ទាន់។

គួររំលឹកថា អ្នកកាសែត Washington Post និងជាអ្នករិះគន់​គោលនយោបាយព្រះអង្គម្ចាស់ ប៊ិន សាល់ម៉ាន លោក Jamal Khashoggi ត្រូវបានគេ​សម្លាប់នៅក្នុងស្ថានកុងស៊ុល​​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី​​កាលពីថ្ងៃទី២ ខែតុលា​កន្លងទៅ។ ចំណែកឯ​ព្រះអង្គម្ចាស់ ប៊ិន​សាល់ម៉ាន់ ត្រូវបានគេ​ចោទប្រកាន់ថា ជាអ្នកបញ្ជា​ឱ្យគេសម្លាប់អ្នក​កាសែតរូបនេះ ហើយសូម្បីតែ CIA ក៏ធ្វើការសន្និដ្ឋាន​ដូចគ្នា​នេះដែរ។

ទោះជាយ៉ាងណា ទីក្រុងរីយ៉ាដ​បានទាត់ចោលរាល់​ការចោទប្រកាន់ ហើយប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និង​មន្ត្រី​កំពូលៗ ជាច្រើននាក់​របស់លោកសុទ្ធ​តែអះអាងថា ព្រះអង្គម្ចាស់​រាជទាយាទ ប៊ិន​សាល់ម៉ាន់ មិនមានជាប់​ពាក់ព័ន្ធនឹងអំពើ​ឃាតកម្ម​នេះឡើយ៕