​(ហាណូយ)៖ ប្រទេសវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ទទួលរៀបចំកិច្ចប្រជុំកំពូលជាលើកទី២ រវាងប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាម CNN ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍ខាងលើ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីជាន់ខ្ពស់វៀតណាម ជាច្រើនរូប​ដែលបាន​បង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ប្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ខណៈប្រទេសម៉ុងហ្គោលី និងឥណ្ឌូណេស៊ី ក៏ចង់រៀបចំ​កិច្ចប្រជុំកំពូលរវាងលោកត្រាំ និងលោក គីម ផងដែរ។ លោក ត្រាំ និងលោក គីម បានជួបគ្នាម្ដងរួចមកហើយក្នុងកិច្ចប្រជុំ​កំពូលនៅប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសថាលោកមានបំណងជួបជាមួយលោក គីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ ហើយមិនបានបញ្ជាក់ពីទីតាំងរៀបចំជំនួបនោះទេ ដោយគ្រាន់តែ​និយាយថាចង់អញ្ជើញលោក គីម មកកាន់សហរដ្ឋអាមេរិក។

ប៉ុន្តែបើតាមព័ត៌មានក្រៅផ្លូវការមួយចំនួន វៀតណាម អាចនឹងក្លាយជាម្ចាស់ផ្ទះរៀបចំជំនួបរវាងលោកត្រាំ និងលោក គីម ក្រោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង និងមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់គឺលោក Mark Lambert បានបំពេញដំណើរទស្សន​កិច្ចមកកាន់ប្រទេសវៀតណាម កាលពីខែវិច្ឆិកាកន្លងទៅ បើទោះជាមិនទាន់មានការបញ្ជាក់ណាមួយថាដំណើរទស្សនកិច្ច​នេះ មានជាប់ពាក់ព័ន្ធនឹងគម្រោងរៀបចំជំនួបកំពូលជាលើកទី២នេះក៏ដោយ៕