(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានចេញមុខព្រមានថា ​រាល់សកម្មភាពយោធាលក្ខណៈឯកតោភាគីណា​មួយ​​ដែលធ្វើឡើងនៅភាគឦសានស៊ីរីគឺជារឿងមិនអាចទទួលយកបានឡើយ បន្ទាប់ពីតួកគីបានប្រកាសថានឹង​ចាប់​​ផ្តើម​ធ្វើប្រតិបត្តិការយោធា​ជាថ្មីម្តងទៀត ប្រឆាំងនឹង​ក្រុមសកម្មប្រយុទ្ធឃើដដែលគាំទ្រដោយអាមេរិក នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

នាថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ ​បានប្រកាសអំពីប្រតិបត្តិ​ការ​យោធា​ថ្មី​មួយ​ផ្សេងទៀត​សំដៅ​ប្រឆាំង​​ក្រុមសកម្មប្រយុទ្ធឃើដ (YPG) ​នៅតំបន់ភាគខាងកើតទន្លេ Euphrates ប៉ែកឦសានប្រទេសស៊ីរី ដែល​នឹងត្រូវ​​ប្រព្រឹត្ត​ទៅនាពេលឆាប់ៗខាងមុខ។ ជុំវិញ​សេចក្តី​ប្រកាស​នេះ​អ្នកនាំពាក្យ ​ក្រសួងការពារជាតិអាមេរិក​បាន​លើក​ឡើង​ថា ​«ការធ្វើសកម្មភាពយោធាបែបឯកតោ​ភាគី​នៅភាគឦសានស៊ីរីដោយភាគីណាមួយ ជាពិសេសស្របពេលដែល​​​កងទ័ពអាមេរិកអាចមានវត្តមាននៅក្បែរឬក្នុងតំបន់ថែមទៀតនោះ គឺជាទង្វើមិនអាចទទួលយកបានឡើយ»។

គួរជម្រាបថា ​កន្លងមកនេះ តួកគីបានចូលធ្វើអន្តរាគមន៍​យោធាដើម្បី​កម្ចាត់​​ក្រុមសកម្មប្រយុទ្ធឃើដ YPG ចេញពីទឹកដី​ភាគខាងលិច​នៃទន្លេ Euphrates ក្នុងអំឡុងប្រតិបត្តិការយោធាដែលបានប្រព្រឹត្តទៅ នារយៈពេល០២ឆ្នាំចុងក្រោយ​នេះ​​ ប៉ុន្តែរហូតមកដល់ឥឡូវ ទីក្រុងអង់ការ៉ា​មិនទាន់​​ឆ្លងទៅត្រើយខាងកើតទន្លេឡើយ ដោយហេតុផល​មួយ​ផ្នែក​គឺ​ព្រោះ​តែ​ដើម្បីបញ្ចៀសការ​ប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយកងទ័ពអាមេរិក៕