(វ៉ាស៊ីនតោន)៖ យាន InSight របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានផ្តិត​យករូបភាព Selfie ពេញមួយតួខ្លួនជា​លើកដំបូង នៅលើភពអង្គារ (Mars) បន្ទាប់ពីការចុះចត​បានសម្រេចកន្លះខែមកនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅល្ងាចថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

អង្គការ NASA បានឲ្យដឹងថា យានលេនឌើរ (Lander) InSight ដែលបាន​ចុះទៅដល់តំបន់ Elysium Planitia របស់​ភព​អង្គារដោយ​ជោគជ័យកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានថតរូបភាព Selfie ខាងលើ​ដោយប្រើប្រាស់​កាមេរ៉ា ដែលបំពាក់​នៅលើ​ដៃរ៉ូតូប្រវែង ១.៨ម៉ែត្ររបស់វា។

គួរជម្រាបថា គោលដៅ​ចម្បងរបស់ InSight គឺសិក្សាឲ្យបាននូវលម្អិត​នូវសណ្ឋាន​ផ្ទៃស្រទាប់​ខាងក្នុង​របស់​ភពអង្គារ ដើម្បីជួយអ្នកវិទ្យាសាស្រ្ត​បង្កើនការយល់ដឹងអំពី​សមាសធាតុផ្សំ និងទម្រង់ទូទៅនៃសណ្ឋានផ្ទៃក្នុងភពក្រហមនេះ។ ព័ត៌មាន​សំខាន់​បែបនេះ អាចផ្តល់ការបកស្រាយ​ថា តើ​ភពថ្ម (ប្រភេទភព​ស្រដៀងផែនដីខុសពីភពឧស្ម័ន​ដូចជាភពព្រហស្បតិ៍ ឬភពសៅរ៍) ​​ក​កើតឡើង​ដោយ​របៀបណា។

ក្រោយការចុះទៅ​ដល់ភពអង្គារ ក្រុមការងារ​បេសកកម្ម InSight បានប្រាប់ថា​ ពួកគេទំនង​ជាមិនទាន់​ត្រៀម​លក្ខណៈ​រួចរាល់​ ដើម្បីប្រើ​ឧបករណ៍​​ខួងចូលក្នុងផ្ទៃ​របស់ Mars នៅឡើយទេ រហូតទាល់តែដល់ខែមករា ឬក៏កុម្ភៈឆ្នាំក្រោយ​។ ​​បេសកកម្ម InSight ត្រូវគេកំណត់ថា នឹងប្រព្រឹត្តទៅ​រយៈពេល​០១ឆ្នាំនៅលើភពអង្គារ ដែលស្មើនឹងជិត​០២ឆ្នាំ​លើផែនដី​៕