(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានឱ្យដឹងថា ចំនួនមនុស្សស្លាប់​នៅក្នុងហេតុការណ៍​រថភ្លើងល្បឿនលឿន​មួយខ្សែប៉ះទង្គិចជាមួយ​ក្បាលរថភ្លើង​មួយ​គ្រឿង​ទៀត ហើយជ្រុល​ទៅបុកស្ពាន​អាកាស​ដើរឆ្លងកាត់ផ្លូវ​នៅឯស្ថានីយរថភ្លើង​​ក្នុងទីក្រុងអង់ការ៉ា​ប្រទេសតួកគីនា បានកើនដល់​០៩នាក់ ខណៈ៤៧នាក់ទៀតរងរបួស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​​ពី​សារព័ត៌មានតួកគី Anadolu នៅរសៀល​​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ហេតុការណ៍ខាងលើ​បានកើតឡើង​ នាវេលាព្រឹកថ្ងៃព្រហស្បតិ៍​នេះ (ម៉ោងក្នុងតំបន់) ខណៈដែលរថភ្លើង​​ខាងលើ​កំពុងតែធ្វើ​ដំណើរ​ពីទីក្រុង​អង់ការ៉ា​ទៅកាន់ខេត្ត កុនយ៉ា (Konya) ដោយឧប្បដិហេតុបានកើតមាន​ នៅត្រង់ស្ថានីយរថភ្លើង ម៉ាសានឌីស (Marsandiz) ដែលមាន​ចម្ងាយ ​០៨គីឡូម៉ែត្រពី​​ស្ថានីយធំនៅទីក្រុងអង់ការ៉ា។

គួរជម្រាបថា បើតាមការ​បញ្ជាក់ពីអភិបាល​ក្រុងអង់ការ៉ា គ្រោះថ្នាក់គួរ​ឲ្យរន្ធត់នេះត្រូវបាន​បង្កឡើង ដោយសារ​តែ​រថ​ភ្លើង​ល្បឿនមួយខ្សែ​នោះបុក​ជាមួយក្បាល​រថភ្លើងមួយគ្រឿង​ទៀត ដែលកំពុងរត់ដើម្បីត្រួត​ពិនិត្យផ្លូវដែក។ វាមិនច្បាស់​នោះ​ទេថា ​រថភ្លើងនោះ​មានល្បឿនលឿន​កម្រិតណានៅពេល​កើតហេតុ ប៉ុន្តែគេគ្រាន់តែ​ដឹងថា ស្ថានីយ Marsandiz ពុំមែន​ជាគោលដៅ​​ដែលវាត្រូវឈប់​ឡើយ រីឯអាជ្ញាធរកំពុងបើកការស៊ើបអង្កេត៕