(ម៉ូស្គូ)៖ យន្តហោះទម្លាក់គ្រាប់​បែករុស្ស៊ី Tu-160 បានធ្វើការហោះហើរ​អស់រយៈពេល​១០ម៉ោង លើសមុទ្រការីបៀន​ ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ជា​មួយ​កងយន្តហោះ​ចម្បាំង​របស់វេណេស៊ុយអេឡា ហោះអមដំណើរ។ នេះបើតាម​សេចក្តីប្រកាសរបស់ក្រសួងការពារ​ជាតិ​រុស្ស៊ី ដកស្រង់​ខ្លឹមសារដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួង​ការពារជាតិរុស្ស៊ី នៅចំណុចមួយ​ចំនួនក្នុងអំឡុងការហោះហើរ​​ របស់​ក្រុម​យន្តហោះ​ទម្លាក់បែក​រុស្ស៊ី មានការចូល​រួមពីសំណាក់កង​យន្តហោះចម្បាំង​ធុន Su-30 និង F-16 នៃកងទ័ព​​អាកាស​វេណេស៊ុយអេឡា។ ការហោះហើរ​​ដ៏យូរនេះ​ត្រូវបានបញ្ជាក់ថា គឺជាហាត់​សមផ្នែកសហប្រតិបត្តិការ​តាមផ្លូវអាកាស ​រវាងអាកាសយានិក​ប្រទេស​ទាំងពីរ និងត្រូវបានធ្វើ​ឡើងដោយស្របទៅ​តាមច្បាប់​អន្តរជាតិ ស្តីពី​ការ​ប្រើ​ប្រាស់​​ដែន​​អាកាស។

គួរជម្រាបថា យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-160 ទាំងពីរ​គ្រឿង​ រួមជាមួយយន្តហោះ​ដឹកជញ្ជូន An-124 និង​ IL-62 នៃ​កងទ័ព​អាកាសរុស្ស៊ី បានធ្វើដំណើរ​ទៅដល់​ដែនដី​វេណេស៊ុយអេឡា​កាលពីថ្ងៃចន្ទដើម​សប្តាហ៍នេះ ដែល​ជាហេតុ​ធ្វើ​ឲ្យសហរដ្ឋអាមេរិក​នៅមិនសុខនោះ​ឡើយ រហូតឈានដល់​ការចេញមុខ​រិះគន់ខ្លាំងៗ លើ​រដ្ឋាភិបាលរុស្ស៊ីជុំវិញ​រឿងនេះ៕