(ដាម៉ាស់)៖ រណ្តៅកប់សពធំៗ​ចំនួន ០៧ ដែលមានផ្ទុកសាកសពមនុស្ស​មិនស្គាល់អត្តសញ្ញាណ​​រាប់រយនាក់ ត្រូវបាន​​គាស់រំលើង​រកឃើញ​នៅក្បែរ​អតីត​មូលដ្ឋាន​ស្នូលរបស់ក្រុម​ភេវករ ISIS ក្នុងទីក្រុង​អាល់ប៊ូកាលម៉ាល់ (Albu Kamal) ភាគខាងកើត​ប្រទេសស៊ីរី​។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋស៊ីរី SANA ភាគច្រើនក្នុង​ចំណោមសាកសពមនុស្ស​ជនរងគ្រោះជាង ១០០នាក់ ដែល​ត្រូវ​បាន​​យក​ចេញ​​ពី​ទីតាំងខាងលើគិត​ត្រឹមថ្ងៃព្រហស្បតិ៍នេះ ទំនងជាបានទទួល​រងការធ្វើទារុណកម្ម និង​អំពើអាក្រក់ៗ​នៅមុនពេលត្រូវ​ពួក ISIS កាប់សម្លាប់។

គួរជម្រាបថា ក្រុមភេរវករ ISIS ​ត្រូវគេជឿជាក់ថា បានប្រព្រឹត្តទង្វើឃោរឃៅជាច្រើន ដែលរួម​​មាន​​ការ​កាត់​ក្បាល​ និង​សម្លាប់ជីវិតមនុស្សយ៉ាង​រង្គាលជាដើម នៅតាមតំបន់​ដែលពួកគេធ្លាប់​បានគ្រប់គ្រង។ ប៉ុន្មានខែចុង​ក្រោយនេះ ទាំងនៅ​ប្រទេស​ស៊ីរី និងអ៊ីរ៉ាក់ អាជ្ញាធរបានរកឃើញទីលាន​កប់សាកសព​ធំៗជាច្រើន នៅតាមតំបន់​ដែលធ្លាប់កាន់កាប់ ​ដោយ​ក្រុមភេរវកម្ម​ជ្រុល​និយមនេះ៕