(ឡុងដ៍)៖ បន្ទាប់ពីទទួល​បានជោគជ័យ​ ក្នុងការបោះឆ្នោត​សម្តែងការ​មិនទុកចិត្ត នៅក្នុងរដ្ឋាភិបាល​​នា​ថ្ងៃ​ពុធ​សប្តាហ៍​នេះ នាយករដ្ឋមន្រ្តី​អង់គ្លេស​លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) បានសន្យាថា លោកស្រីនឹងសម្រេចឲ្យ​បាននូវកិច្ចព្រមព្រៀង​ដើរចេញពីសហភាពអឺរ៉ុប ដែលប្រជាជន​អង់គ្លេសបានបោះឆ្នោត​គាំទ្រក្នុងសំឡេង​ភាគច្រើន។ នេះបើ​តាមការ​ដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

លោកស្រី May ក៏បាន​សន្យាទៀតថា លោកស្រី​នឹងព្យាយាម​ស្វែងរកការធានា​​ថែមទៀតពី ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប ជុំវិញ​បញ្ហា​​ព្រំដែន​រវាង​សាធារណរដ្ឋអៀរឡង់ និងអៀរឡង់​ខាងជើង ដោយសាធារណរដ្ឋ​អៀរឡង់ គឺជា​​ប្រទេស​ឯក​រាជ្យ​​មួយ និងជាសមាជិកនៃ​សហភាពអឺរ៉ុប ខណៈ​អៀរឡង់ខាងជើងស្ថិត​ក្នុងផ្នែកនៃចក្រភព​អង់គ្លេស។​

គួរជម្រាបថា ​ក្នុងការបោះឆ្នោត​​ផ្ទៃក្នុង​រដ្ឋាភិបាលនាពុធសប្តាហ៍នេះ សមាជិកសភា​អង់គ្លេស​ប្រមាណ ២០០នាក់ នៃ​បក្ស​អភិរក្ស​និយម​របស់លោកស្រី​ May ផ្ទាល់​បានបោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​លោកស្រី ខណៈ​១១៧នាក់ទៀត បានសម្តែង​ការមិន​ជឿ​ទុកចិត្ត ដើម្បី​ព្យាយាម​ទម្លាក់លោកស្រីចេញ​ពីតំណែង ជុំវិញការចរចា​​​កិច្ចព្រមព្រៀង​ Brexit របស់​លោកស្រី ជាមួយ​សហភាព​អឺរ៉ុប។ ដោយសារ​លទ្ធផលបែបនេះ ការបោះឆ្នោត​សម្តែងការ​មិន​ទុកចិត្ត មិនអាចប្រព្រឹត្ត​ទៅ​​បាន​ជា​ថ្មី​ម្តង​ទៀត​ឡើយ​រហូតទាល់​តែ​១២ខែទៀត៕​