​(ណានជីង)៖ ប្រទេសចិន​នៅថ្ងៃព្រហស្បតិ៍នេះបានប្រារព្ធខួបលើកទី ៥ នៃទិវាជាតិចងចាំ​នៃការសម្លាប់រង្គាល​ប្រជាជនចិន ពីសំណាក់កងទ័ព​ជប៉ុននៅក្នុងទីក្រុង​ណានជីង ខណៈបទបញ្ញតិស្ដីពីការការពារទិវាជាតិមួយនេះ ត្រូវចូលជាធរមាន។ នេះ បើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

បទបញ្ញតិខាងលើត្រូវបានអនុម័តនៅ​ឯសម័យប្រជុំពេញ​អង្គ នៃគណៈកម្មាធិការ​អចិន្ត្រៃយ៍​ទីក្រុងណានជីង​ នៃសភា​ប្រជាជន ចិនកាលពីចុង​ខែវិច្ឆិកា កន្លងទៅ។ ម្យ៉ាងវិញទៀត អនុឡោម​តាមបទបញ្ញតិនេះ អ្នកដែលប្រមាថ​ជនរងគ្រោះ ឬបដិសេធការ​សម្លាប់រង្គាលក្នុង​ទីក្រុងណានជីង ព្រមទាំងអ្នកដែល​ថតរូបភាព ឬក៏វីដេអូក្នុងសម្លៀកបំពាក់​ឯកសណ្ឋានជា​កងទ័ពជប៉ុន នៅ ស្កូកគោរព​​វិញ្ញាណក្ខន្ធ គឺត្រូវបាន​ហាមឃាត់ ហើយអ្នកល្មើស​នឹងត្រូវជាប់​ពិន័យ។

គួររំលឹកថា កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៣៧ កងទ័ពជប៉ុនបាន​វាយដណ្ដើមយកទីក្រុង​ណានជីង ហើយក្នុងអំឡុងពេល​០៦​សប្ដាហ៍បន្ទាប់ កងទ័ពជប៉ុនបានសម្លាប់រង្គាល​ប្រជាជនចិន​​ក្នុងទីក្រុងមួយនេះអស់ ៣០០,០០០នាក់ ដែលពួកគេសុទ្ធសឹងជាយោធា និងជនស៊ីវិល៕