(ប៉េកាំង)៖ ក្រសួងការ​បរទេស​កាណាដា​បានប្រកាសថា ខ្លួនមិនអាចទាក់ទង​ជាមួយពាណិជ្ជករ​កាណាដា​ម្នាក់គឺ លោក ម៉ៃឃើល ស្ប៉ាវ័រ (Michael Spavor) បានឡើយ បន្ទាប់ពីលោក​បានជូនដំណឹងដល់រដ្ឋាភិបាល​ទីក្រុងអូតតាវ៉ាថា លោកត្រូវបាន​អាជ្ញាធរចិន​​សួរ​ចម្លើយ។ នេះបើ​តាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ជុំវិញបញ្ហា​នេះដែរ រដ្ឋមន្ត្រីការបរទេស​កាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) ក៏បានប្រាប់អ្នកសារព័ត៌មាន​កាលពីថ្ងៃពុធ​ដែរថា ពលរដ្ឋកាណាដា​ទី ២ អាចនឹងត្រូវបាន​អាជ្ញាធរចិ​នឃុំខ្លួន។ ដោយឡែក​នៅក្នុងសេចក្ដីថ្លែងការណ៍​ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍​នេះ អ្នកនាំពាក្យក្រសួង​ការបរទេស​កាណាដា លោក ហ្គីឡូមេ ប៊ែរ៉ាប់ (Guillaume Bérubé) បានឱ្យដឹងថា ពលរដ្ឋ​កាណាដា​ទី ២ ដែលបាត់ខ្លួននោះគឺ លោក Michael Spavor ជាពាណិជ្ជករ​ម្នាក់កំពុងស្នាក់នៅក្នុង​ទីក្រុង តានទុង (Dandong) ភាគខាងជើង​ប្រទេសចិន។ ប៉ុន្តែមក​ទល់នឹងពេលនេះ អាជ្ញាធរកាណាដា​នៅតែមិនទាន់ដឹងនៅឡើយទេថា លោក Spavor ត្រូវបាន​ចាប់ខ្លួនមែន ឬស្ថិតនៅ​​ទីណានោះ​ រីឯអាជ្ញាធរចិន​ក៏មិនបានធ្វើការ​អត្ថាធិប្បាយ​អ្វីដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ អតីតមន្ត្រីទូតកាណាដា​ម្នាក់លោក ម៉ៃឃើក កូវីក (Michael Korvig) ក៏ត្រូវបានអាជ្ញាធរចិនចាប់ឃុំ​ខ្លួនផងដែរ ហើយការចាប់ឃុំខ្លួននេះ​ទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងប៉េកាំងព្រមានកាណាដាពីផលវិបាកធ្ងន់ធ្ងរ
បើសិនជាមិនព្រមដោះលែងនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ទេនោះ។

បច្ចុប្បន្នប្រទេសចិន និងកាណាដា កំពុងមានភាពតានតឹង​ផ្នែកការទូតនឹងគ្នា ដោយសារតែចាប់​ខ្លួនលោកស្រី Meng Wanzhou ពីសំណាក់អាជ្ញាធរកាណាដា​ កាលពី​ថ្ងៃទី០១ ខែធ្នូកន្លងទៅ តាមសំណើរបស់សហរដ្ឋអាមេរិក ដែលចោទលោកស្រីថា បានប្រើប្រាស់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់ ដោយរំលោភ​លើទណ្ឌកម្ម​អាមេរិកនៅចន្លោះ​ឆ្នាំ២០០៩ និង២០១៤។

ប៉ុន្តែក្រោយ​មានការព្រមានចិន តុលាការកាណាដាបានអនុញ្ញាតឱ្យលោកស្រី Meng ស្ថិតនៅក្រៅឃុំជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ ហើយ​លោកស្រីមិនអាចចាក​ចេញពីប្រទេស​កាណាដាឡើយ និង​ត្រូវដាក់ឱ្យស្ថិត​នៅក្រោមការឃ្លាំមើល ២៤ម៉ោង​ក្នុងមួយថ្ងៃ ព្រមទាំងត្រូវពាក់​ឧបករណ៍តាមដាន។

បន្ថែមពីលើនេះ ទោះបីជាអាជ្ញាធរកាណាដា មិនបានបញ្ជាក់ថា ការចាប់ខ្លួនលោក Michael Korvig និងការបាត់ខ្លួនលោក Michael Spavor គឺជាការសងសឹករបស់ចិនក៏ដោយ តែក្រុម អ្នកជំនាញខ្លះយល់ថា ការចាប់ខ្លួនអ្នកទំាងពីរនេះ គឺមានជាប់ពាក់ព័ន្ធ​នឹងការចាប់ខ្លួន​លោកស្រី Meng៕