(ម៉ូស្គូ)៖ ការចាប់ខ្លួន​នាយកហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ដោយអាជ្ញាធរកាណាដា តបតាម សំណើរបស់​សហរដ្ឋអាមេរិក​គឺជារឿងដ៏អាស្រូវ និងគ្រោះថ្នាក់​បំផុត​ដែលកំពុងបង្កឲ្យចិន និងកាណាដា​កំពុងមាន​ភាពតានតឹង​ផ្នែកការទូតរវាងគ្នា។ នេះបើតាម​អ្នកជំនាញលោក​ ហ្សាដ វូដវ៉ាដ (Jude Woodward) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

លោក Jude Woodward ដែលជាអ្នក​និពន្ធសៀវភៅមានចំណងជើងថា «សង្រ្គាមត្រជាក់ថ្មីអាស៊ី» ធ្វើការកត់​សម្គាល់ដូចខាងលើនេះ នៅក្នុង​បទសម្ភាសន៍ជាមួយ Sputnik ក្នុង​សប្ដាហ៍នេះ។ លោក Woodward បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការចាប់ខ្លួន​លោកស្រី Meng គឺជារឿងដ៏​អាស្រូវបំផុត និងមិនគួរឱ្យជឿទាល់តែសោះ​ ដែលបុគ្គលម្នាក់​ត្រូវបានចាប់ខ្លួន​ដោយគ្រាន់តែមានអ្នក​អះអាងថា ក្រុមហ៊ុន​របស់គាត់រំលោភ​លើទណ្ឌកម្មមួយ... ម្យ៉ាងវិញទៀត​សកម្មភាព​បែបនេះ ក៏អាចនឹងបង្ក​ជាគ្រោះថ្នាក់​ផងដែរ ព្រោះចិន​អាចនឹងចាត់វិធានការ​នានា ដើម្បីដាក់សម្ពាធ​លើកាណាដាឱ្យដោះលែង​លោកស្រី Meng Wanzhou។

គួរជម្រាបថា លោកស្រី Meng Wanzhou អាយុ ៤៦ឆ្នាំ ដែលជាកូនស្រី​ម្នាក់របស់ស្ថាបនិក​ក្រុមហ៊ុន Huawei ត្រូវបាន​អាជ្ញាធរកាណាដា​ចាប់ខ្លួន កាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ តបតាមសំណើរបស់​សហរដ្ឋអាមេរិក ដែលចោទលោក​ស្រីថា​បានប្រើ ប្រាស់ក្រុមហ៊ុន​បុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់​ដោយរំលោភលើទណ្ឌកម្ម​អាមេរិក កាលពីចន្លោះឆ្នាំ២០០៩ និង២០១៤។

ការចាប់ខ្លួន​លោកស្រី Meng បានបង្កឱ្យចិនខឹង​សម្បារយ៉ាងខ្លាំង​រហូតដល់ ព្រមានកាណាដា​ពីផលវិបាកធ្ងន់ធ្ងរ បើមិនព្រម​ដោះលែងលោកស្រី​ទេនោះ។ ប៉ុន្តែក្រោយ​មានការព្រមាននេះ តុលាការកាណាដា​បានអនុញ្ញាតឱ្យ​លោកស្រី Meng ស្ថិតនៅ​ក្រៅឃុំ​ជាមួយប្រាក់តម្កល់ ៧.៤លានដុល្លារ ហើយលោកស្រី​មិនអាចចាកចេញពីប្រទេស​កាណាដាឡើយ និងត្រូវដាក់ឱ្យស្ថិត​នៅក្រោមការឃ្លាំមើល ២៤ម៉ោងក្នុងមួយថ្ងៃ ព្រមទាំងត្រូវពាក់ឧបករណ៍​តាមដា​ផងដែរ៕